លោក Rutte៖ មានការសន្យាពីរដ្ឋសមាជិក NATO មួយចំនួន ដើម្បីទិញអាវុធពីអាមេរិក ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ថារដ្ឋសមាជិកនៃបក្សសម្ព័ន្ធយោធាមួយនេះ បានប្រកាសជំនួយជាទឹកប្រាក់រាប់រយលានដុល្លារ សម្រាប់គាំទ្រដល់កម្មវិធី PURL (Prioritised Ukraine Requirements List) ដែលជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក ផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Rutte បាន​ថ្លែងអំណរគុណ​​ចក្រភព​អង់គ្លេស អ៉ីស្លង់ ន័រវែស ស៊ុយអែត និង​លីទុយអានី ចំពោះ​ការចូលរួមចំណែក​របស់​ពួកគេ ដោយបន្ថែមថាលោក​ក៏រំពឹងផងដែរ​ថា ​នឹង​មាន​ការសន្យា​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

នៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អាល្លឺម៉ង់ និងអ៊ុយក្រែន លោក Rutte មិនបានផ្តល់តួលេខជាក់លាក់ សម្រាប់ជំនួយគាំទ្រនេះទេ។ តាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ចក្រភពអង់គ្លេសសន្យាផ្ដល់ជំនួយ ១៥០លានផោន (ឬ២០៥លានដុល្លារ) សម្រាប់កម្មវិធី PURL នេះ៕

គួរបញ្ជាក់ថា ក្រោមកម្មវិធី PURL សម្ព័ន្ធមិត្តលោកខាងលិច អាចផ្ដល់មូលនិធិយកទៅទិញប្រព័ន្ធការពារដែនអាកាស និងបរិក្ខារយោធាផ្សេងទៀតពីសហរដ្ឋអាមេរិក៕