
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី 16 ខែមីនា ឆ្នាំ 2026 នេះ លោកប្រធាន ចាន់ ពិសិដ្ឋ និង លោកស្រីអនុប្រធាន អែល ទីរៀម ព្រមទាំងក្រុមការងារនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២០ គ្រួសារ ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អំណោយដែលបានចែកជូនរួមមានសម្ភារៈចាំបាច់ប្រចាំថ្ងៃ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍ និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីតាំងផ្ទះលេខ 299 ផ្លូវលេខ 44 ក្រោមការដឹកនាំយ៉ាងសកម្មពីលោក ចាន់ ពិសិដ្ឋ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង ដែលតែងតែខិតខំប្រឹងប្រែងក្នុងការបង្កើនសកម្មភាពសង្គម និងការចូលរួមជួយ ដល់បងប្អូនដែលត្រូវការជំនួយ។
ក្នុងឱកាសនោះ លោកប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និងលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងជិតស្និទ្ធចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកចាន់ពិសិដ្ឋបានមានប្រសាសន៍បន្ថែមថា៖សកម្មភាពនេះមិនត្រឹមតែជាការផ្តល់អំណោយទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ការថែរក្សា និងការចូលរួមបង្កើនភាពរួបរួមក្នុងសង្គមផងដែរ។ វាជាគំរូល្អមួយនៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងលើកកម្ពស់ នូវកត្តាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកផងដែរថានៅក្នុង ឱកាសដ៏ពិសេសសម្រាប់យុវជន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែងសូមធ្វើការអំពាវនាវដល់ ប្អូនសិស្សនិស្សិតដែលមានបំណងចង់ទទួលបទពិសោធន៍ការងារនៅប្រទេសជប៉ុន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
☎️ 031 925 3333 / 088 667 0222 / 096 513 9739៕




































