អាជ្ញាធរក្រុងព្រះវិហារ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារកំពង់ប្រណាក បន្ទាប់ពីផុតឱសានវាទជូនដំណឹង


ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ២០២៦នេះ
អាជ្ញាធរក្រុងព្រះវិហារ ដឹកនាំដោយលោក ប៉ុក ងួន បានចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់នៅ ផ្សារកំពង់ប្រណាក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីផុតកំណត់ឱសានវាទនៃសេចក្ដីជូនដំណឹងដែលបានផ្ដល់ជូនអាជីវករជាមុន។
ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយមានការសហការពីកម្លាំងសមត្ថកិច្ច រួមមានកម្លាំងអាវុធហត្ថ និងប្រជាការពារ ដើម្បីធានាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងតំបន់ផ្សារ។


អាជ្ញាធរបានបញ្ជាក់ថា កន្លងមក រដ្ឋបាលក្រុងបានចេញសេចក្ដីជូនដំណឹង និងណែនាំជាបន្តបន្ទាប់ដល់អាជីវករ ឲ្យបញ្ឈប់សកម្មភាពលក់ដូរលើចំណីថ្នល់ និងចូលរួមរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ប៉ុន្តែការអនុវត្តនៅតែមានកម្រិត។
លោកអភិបាលក្រុងបានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភណភាព និងរបៀបរបបនៅក្នុងក្រុងព្រះវិហារ។
អាជ្ញាធរបានបន្ថែមថា វិធានការនេះមានគោលបំណងធានាឲ្យមានការប្រើប្រាស់ផ្លូវសាធារណៈយ៉ាងត្រឹមត្រូវ កាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ៕
អត្ថបទ៖ លោក សួន ពិសិត