
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ខេត្តកំពង់ធំ បានបន្តអនុវត្តកម្មវិធីមនុស្សធម៌ ដោយចុះប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារអតីតយុទ្ធជនពលី ដែលកំពុងប្រឈមការលំបាកក្នុងជីវភាពរស់នៅ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីប្រគល់ផ្ទះនេះ ត្រូវបានដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ អ.ន.ក. ខេត្តកំពង់ធំ តំណាងឱ្យ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធាន អ.ន.ក. ខេត្ត។ ផ្ទះថ្មីនេះ គឺជាខ្នងទី៤៣ ដែលត្រូវបានសាងសង់ និងប្រគល់ជូនក្រោមការគាំទ្រដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ។
ក្រៅពីផ្ទះថ្មី ក្រុមការងារក៏បាននាំយកអំណោយជាច្រើន រួមមាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារទទួលអំណោយ ដែលមានដីធ្លីស្រាប់ ប៉ុន្តែមិនមានលំនៅឋានសមរម្យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការផ្តល់ផ្ទះ និងជំនួយផ្សេងៗនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយ និងជីវិតក្នុងបេសកកម្មការពារជាតិ និងសន្តិភាព។
លោកក៏បានលើកទឹកចិត្តឱ្យគ្រួសារទទួលអំណោយ បន្តខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី និងថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ ដើម្បីធានាជីវភាពរស់នៅមានស្ថេរភាព និងកាន់តែល្អប្រសើរឡើងក្នុងអនាគត។
កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រមនុស្សធម៌របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានគោលបំណងធ្វើឱ្យអតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ ទទួលបានជីវភាពរស់នៅសមរម្យ មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គម៕អត្ថបទ ដោយ សឿង សុទ្ធ



































