បង្ក្រាបមិនលើកលែង! រដ្ឋមន្ត្រីបរិស្ថាន បញ្ជាឲ្យរកអ្នកនៅពីក្រោយបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានព្រមានយ៉ាងតឹងរឹងដល់មន្ត្រីបរិស្ថានគ្រប់លំដាប់ថ្នាក់ មិនឱ្យពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងបានជំរុញឱ្យមន្ទីរបរិស្ថានទាំងអស់បង្កើនកិច្ចសហការយ៉ាងសកម្ម ដើម្បីទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព។

ការព្រមាននេះត្រូវបានលើកឡើង ខណៈដែលអាជ្ញាធរកំពុងពង្រឹងវិធានការការពារធនធានធម្មជាតិ និងបង្ក្រាបសកម្មភាពល្មើសច្បាប់នៅតំបន់អភិរក្សនានា។ លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថានគ្រប់រូបត្រូវអនុវត្តតួនាទីដោយមានសុចរិតភាព និងទំនួលខុសត្រូវខ្ពស់ ហើយមិនត្រូវយកឈ្មោះ ឬតួនាទីរបស់ខ្លួនទៅពាក់ព័ន្ធ ឬគាំទ្របទល្មើសណាមួយដែលប៉ះពាល់ដល់ធនធានធម្មជាតិឡើយ។

រូបតំណាង…

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានណែនាំថា ក្នុងករណីមានការបង្ក្រាបគ្រឿងចក្រ ឬសម្ភារដែលប្រើប្រាស់ក្នុងសកម្មភាពល្មើសច្បាប់ អាជ្ញាធរត្រូវបន្តស៊ើបអង្កេត ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងឱ្យបានច្បាស់លាស់ ហើយយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីធានាថាការអនុវត្តច្បាប់មានភាពតឹងរឹង និងមានប្រសិទ្ធភាព។

វិធានការនេះមានគោលបំណងពង្រឹងការគ្រប់គ្រង និងការពារធនធានធម្មជាតិ ក៏ដូចជាការពារភាពជឿជាក់របស់សាធារណៈចំពោះមន្ត្រីអនុវត្តច្បាប់ក្នុងវិស័យបរិស្ថាន៕ អត្ថបទដោយលោក
សឿង សុទ្ធ

រូបតំណាង…