យុទ្ធនាការផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថាន និងកាត់បន្ថយប្លាស្ទិក ត្រូវបានអនុវត្តនៅសាលាបឋមសិក្សាផ្សារលើ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2026 សកម្មភាពផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម ត្រូវបានរៀបចំឡើងនៅសាលាបឋមសិក្សាផ្សារលើ ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង ក្រុមការងារពាក់ព័ន្ធ។

ថ្លែងនៅក្នុងពិធីនេះដែរ អ្នកស្រី ហាំង ម៉ារីយ៉ា នាយិការរង នៃសាលាបឋមសិក្សាផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖យុទ្ធនាការផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថាន និងកាត់បន្ថយប្លាស្ទិកនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សអំពីសារៈសំខាន់នៃការរក្សាបរិស្ថានឲ្យស្អាត និងមានសុវត្ថិភាព តាមរយៈការអនុវត្តអនាម័យល្អ និងការចូលរួមសកម្មក្នុងសកម្មភាពសង្គម។ ក្នុងនោះ ក្រុមការងារបានបង្ហាញអំពីវិធីសាស្រ្តញែក និង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដូចជា ការបែងចែកសំរាមជាប្រភេទផ្សេងៗ និងការប្រើប្រាស់ធុងសំរាមឲ្យសមស្រប។

អ្នកស្រី នាយិការរងបាន បន្ថែមថា៖ សិស្សានុសិស្សត្រូវបានណែនាំអំពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ប្លាស្ទិកលើបរិស្ថាន និងសុខភាពមនុស្ស ព្រមទាំងលើកទឹកចិត្តឲ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំរុញឲ្យប្រើជំនួសដោយសម្ភារៈដែលអាចប្រើឡើងវិញ ឬងាយរលាយតាមធម្មជាតិ។

ចំណែក លោក ហែម សំអុល នាយកសាលាបឋមសិក្សាផ្សារលើក្រុងព្រះសីហនុ និងជា អ្នករៀបចំកម្មវិធី បានលើកឡើងថា៖ ការចាប់ផ្តើមអប់រំសិស្សពីវ័យក្មេងអំពីការពារបរិស្ថាន គឺជាជំហានសំខាន់មួយក្នុងការបង្កើតជំនាន់ថ្មីដែលមានការយល់ដឹង និងទទួលខុសត្រូវខ្ពស់ចំពោះធនធានធម្មជាតិ និងបរិស្ថាន។

លោក ហែម សំអុលបាន ថា៖សកម្មភាពនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការចូលរួមរួមចំណែកក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា៕