អាជ្ញាធរ សមត្ថកិច្ចខេត្តកោះកុង ចាត់បញ្ជូនជនបរទេសចំនួន១០៤នាក់ខុសច្បាប់ទៅស្រុកកំណើតវិញ

កោះកុង៖ រដ្ឋបាលខេត្តកោះកុង និងសមត្ថកិច្ចជំនាញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានចាត់បញ្ជូនជនបរទេសចំនួន១០៤នាក់ខុសច្បាប់ទៅស្រុកកំណើតវិញ បន្ទាប់ពីបានបើកប្រត្តិបត្តិការបង្រ្កាប និងមានវិធានការរដ្ឋបាលនៅទីតាំងសង្ស័យកន្លងមក។
គួររំលឹកថា ៖ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យលេខ០៣ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីឲ្យបានជ្រួតជ្រាបដល់សាធារណជន ជាពិសេសម្ចាស់ទីតាំងដែលមានជនបរទេសស្នាក់នៅប្រមូលផ្តុំ ។ សមត្ថកិច្ចយើង បានប្រតិបត្តិការជាបន្តបន្ទាប់ ទទូលបានលទ្ធផលគួរឲ្យកត់សំគាល់ ។ ជាក់ស្តែង ការចុះប្រតិបត្តិការថ្មីៗនេះ សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន១០៤នាក់ ស្រី១៦នាក់ ស្មើនឹង៧សញ្ជាតិ ដោយពួកគេត្រូវបានចាត់បញ្ចូនចេញទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបណ្តេញចេញអោយទៅប្រទេសកំណើតវិញតាមនីតិវិធីច្បាប់។
លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រុមជនបរទេសដែលត្រួតពិនិត្យរកឃើញថាគ្មានឯកសារត្រឹមត្រូវច្បាស់លាស់ គឺមាននៅតាមទីតាំងប្រមូលផ្តុំសំខាន់ៗក្នុងភូមិសាស្រ្តខេត្ត និងតាមប៉ុស្តិ៍ត្រួតពិនិត្យលំហូជនបរទេសលើដងផ្លូវជាតិលេខ៤៨។


លោកជំទាវអភិបាលខេត្ត បានអះអាងដែរថា ការអនុវត្តវិធានការរដ្ឋបាលខេត្ត ធ្វើឡើងតាមអនុក្រឹត្យលេខ០៣ ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអោយអនុវត្តព្រមគ្នា។
លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា ជនបរទេសទាំង១០៤នាក់ ខាងលើមានទី១-ជនជាតិចិន ៦១ នាក់ ស្រី ៣នាក់ ទី២-ឡាវ១ នាក់/ស្រី ទី៣-ថៃ ១នាក់/ប្រុស ទី៤-ម៉ាឡេស៊ី ១ នាក់ប្រុស ទី៥-ជប៉ុន ១ នាក់ប្រុស ទី៦-ចិនតៃវ៉ាន់ ១នាក់ប្រុស ទី៧-ឥណ្ឌូនេស៊ី ៣៨ នាក់ ស្រី ១២ នាក់។
លោកស្នងការនគរបាលខេត្ត បានបន្ថែមថា កម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការគ្នាយ៉ាងល្អប្រសើរលើចំណាត់ការរដ្ឋបាល និងបង្រ្កាបក្រុមជនសង្ស័យដែលជាបរទេសទាំងនេះកន្លងទៅ៕