
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និង ចូលរួមពិសាអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្រុមទី១៤ និងក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពរួបរួម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការសួរសុខទុក្ខយ៉ាងជិតស្និទ្ធ និងពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋអំពីស្ថានភាពជីវភាពរស់នៅ បញ្ហាប្រឈមនានា និងតម្រូវការចាំបាច់ក្នុងសហគមន៍។ ការជួបជុំបែបនេះ ត្រូវបានគេមើលឃើញថា ជាវេទិកាសំខាន់មួយសម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការទទួលយកមតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋ ដើម្បីយកទៅដោះស្រាយឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញឲ្យប្រជាពលរដ្ឋបន្តរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ក្នុងសហគមន៍របស់ខ្លួន។
ប្រជាពលរដ្ឋដែលបានចូលរួម បានសម្ដែងនូវក្តីរីករាយ និងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ដែលបានចុះមកជួបផ្ទាល់ និងស្តាប់សំឡេងរបស់ពួកគេ។ ពួកគេក៏បានប្តេជ្ញាចិត្តចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែប្រសើរឡើង។
សកម្មភាពសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការកសាងសង្គមមានសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕អត្ថបទ ដោយ រ៉ី នោរៀ







































