
ខេត្តព្រះវិហារ៖ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីយប់ មានករណី គ្រោះធម្មជាតិមួយ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើចំណុចឈរជើងរបស់កងទ័ព ស្ថិតក្នុងតំបន់គគីរថ្មកើត ទិសបុស្សស្បូវជាំតែ នៃផ្នែកសឹករងគូលែន។

នេះបើយោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ បានឲ្យដឹងថា ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានធ្វើឱ្យបាក់ដើមឈើធំៗ សង្កត់មកលើទីជម្រកស្នាក់នៅរបស់កងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ដាច់ស្រយាលមួយនេះ។ បើទោះបីជាមិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជីវិតមនុស្ស ប៉ុន្តែសម្ភារៈប្រើប្រាស់ចាំបាច់ និងមធ្យោបាយធ្វើដំណើរត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង រួមមាន៖ ម៉ូតូ សង់ Dream ស៊េរីឆ្នាំ២០១៩ ចំនួន ០១ គ្រឿង រងការខូចខាតទាំងស្រុង។
ទូរស័ព្ទដៃចំនួន ០៣ គ្រឿង និងវិទ្យុទាក់ទង អាយកូម សម្រាប់ប្រើទាក់ទងគ្នា។ ចំនួន ០២ គ្រឿង ដែលជាឧបករណ៍សំខាន់សម្រាប់ការងារប្រចាំថ្ងៃ។
ឧបករណ៍ផ្ទុកថាមពល (Powerbank) ចំនួន ០៤ គ្រឿង។

តង់ស្នាក់នៅបណ្ដោះអាសន្នចំនួន ០៤ ខ្នង ត្រូវបានខ្យល់បោកបក់ និងដើមឈើធំៗដួលរលំសង្កត់ខូចខាតទាំងស្រុង។
បច្ចុប្បន្ន កងទ័ពដែលឈរជើងនៅតំបន់នោះ កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងលើផ្នែកស្នាក់នៅ និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសសម្រាប់ទំនាក់ទំនង ក្នុងស្ថានភាពអាកាសធាតុដែលនៅតែបន្តប្រែប្រួល។ ឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ យើងខ្ញុំសូមធ្វើការអំពាវនាវយ៉ាងទទូចដល់ សប្បុរសជនគ្រប់ទិសទី មន្ត្រីរាជការ និងបងប្អូនរួមជាតិ មេត្តាជួយឧបត្ថម្ភជាអំណោយសប្បុរសធម៌ ទៅតាមកម្លាំងសទ្ធា និងលទ្ធភាព ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្ដល់ជាកម្លាំងចិត្តដល់កងទ័ពជួរមុខ ដែលកំពុងជួបគ្រោះភ័យដោយសារធម្មជាតិមួយនេះ។

រាល់អំណោយសប្បុរសធម៌របស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសាងសង់ជម្រកឡើងវិញ និងផ្ដល់លទ្ធភាពឱ្យកងទ័ពជួរមុខយើង មានមធ្យោបាយទំនាក់ទំនង និងបំពេញភារកិច្ចបន្តក្នុងតំបន់ដាច់ស្រយាលនេះផងចុះ៕
👉សុភាសិតមួយឃ្លាបានពោលថា៖
ទឹកចិត្តសប្បុរសធម៌របស់អ្នក គឺជាពន្លឺនៃក្ដីសង្ឃឹមសម្រាប់កងទ័ពការពារជួរមុខ។


































