
ខេត្តព្រះវិហារ ៖ ស្រុកជាំក្សាន្ត ដែលជាតំបន់យុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្ហាញពីភាពរស់រវើក និងសន្តិសុខដ៏រឹងមាំ តាមរយៈការទាក់ទាញភ្ញៀវទេសចរ និងពុទ្ធបរិស័ទរាប់ម៉ឺននាក់ ឱ្យមកចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍បឋមពីអាជ្ញាធរឃុំជាំក្សាន្ត បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ចំនួនអ្នកមកកម្សាន្ត និងធ្វើបុណ្យមានការកើនឡើងយ៉ាងខ្លាំង៖ ថ្ងៃទី១៤ ខែមេសា ជាថ្ងៃដំបូង ទទួលបានពុទ្ធបរិស័ទ និងភ្ញៀវទេសចរប្រមាណ ១០,០០០ នាក់។

អាជ្ញាធរឃុំជាំក្សាន្តដដែលបានមានប្រសាសន៍ថា៖ បើសរុបរយៈពេល ៣ថ្ងៃចំនួនភ្ញៀវសរុបដែលបានធ្វើដំណើរមកកាន់តំបន់ប្រវត្តិសាស្ត្រមួយនេះ មានចំនួនច្រើនលើសលប់ បង្ហាញពីទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋទៅលើសុវត្ថិភាពនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន។
អាជ្ញាតខឃុំដដែល បានលើកឡើងថា៖ការរៀបចំកម្មវិធីសង្ក្រាន្ត និងការកម្សាន្តបែបវប្បធម៌ រដ្ឋបាលស្រុកជាំក្សាន្ត បានប្រែក្លាយតំបន់សួនច្បារសាធារណៈ និងតាមវត្តអារាមនានា ឱ្យទៅជាកន្លែងកម្សាន្តដ៏សម្បូរបែប ដែលមានការរួមបញ្ចូលគ្នារវាងប្រពៃណី និង ភាពទំនើប ល្បែងប្រជាប្រិយយក្ស ការទាញព្រាត់ យក្ស ដែលមានប្រវែងដល់ទៅ ៦០ ម៉ែត្រ ជាចំណុចទាក់ទាញបំផុត ដែលមានការចូលរួមយ៉ាងកុះករពីសំណាក់យុវជន និងទេសចរ។

អាជ្ញាធរឃុំដដែលបានមានប្រសាសន៍បន្តថា៖ការប្រគំតន្ត្រីខ្នាតធំ: មានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីល្បីៗ ដែលបង្កបរិយាកាសសប្បាយរីករាយ រាំលេងកម្សាន្តយ៉ាងគគ្រឹកគគ្រេង។
ចំណែកផ្នែកសាសនា និង វប្បធម៌ នៅតាមវត្តអារាមនានា ពុទ្ធបរិស័ទបានរៀបចំពិធីពូនភ្នំខ្សាច់ និង ស្រង់ព្រះតាមទំនៀម ទម្លាប់ យ៉ាងខ្ជាប់ខ្ជួន។
សន្តិសុខ និង ស្ថិរភាពតាមបន្ទាត់ព្រំដែន
ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតសម្រាប់ព័ត៌មានអន្តរជាតិ គឺភាពស្ងប់ស្ងាត់ និងសន្តិសុខពេញលេញ ទោះបីជាស្រុកជាំក្សាន្ត គឺជាតំបន់ដែលមានប្រវត្តិជម្លោះព្រំដែនកាលពីអតីតកាលជាមួយប្រទេសជិតខាងក៏ដោយ។ រូបភាពនៃប្រជាពលរដ្ឋរាប់ម៉ឺននាក់មកជួបជុំគ្នាដើរកម្សាន្តដោយគ្មានក្តីបារម្ភ បានសបញ្ជាក់ថា តំបន់ព្រំដែនកម្ពុជាបានប្រែពី សមរភូមិ មកជា តំបន់ទេសចរណ៍ និងសន្តិភាព យ៉ាងពិតប្រាកដ។

លោកថា៖ ជោគជ័យនៃកម្មវិធីសង្ក្រាន្តឆ្នាំនេះ នៅស្រុកជាំក្សាន្ត មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយទៅកាន់ពិភពលោកអំពីស្ថិរភាពនយោបាយ និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសផងដែរ៕ ដោយ សួន ពិសិតដើមអម្ពិលព្រះវិហារ







































