
ខេត្តព្រះវិហារ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងរុករកយ៉ាងក្តៅគគុកនៅតាមតំបន់ព្រំដែន បន្ទាប់ពីមានការសង្ស័យថាមានការលួចលាក់បង្កើតទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា ឬឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ពីសំណាក់ក្រុមជនបរទេស។
កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងជាក់ស្តែង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជុំវិញរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត ដែលជាចំណុចយុទ្ធសាស្ត្រក្បែរព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ។
ការអនុវត្តបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត
ប្រតិបត្តិការចុះរុករកជាបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ និងម៉ឺងម៉ាត់ពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងលុបបំបាត់រាល់សំបុកអាក្រក់នៃបទល្មើសបច្ចេកវិទ្យា ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។

យោងតាមរបាយការណ៍បឋមពីសាលាស្រុកឆែប បានឱ្យដឹងថា ការចុះបង្ក្រាប និងពិនិត្យនេះត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងព័ត៌មានបោះដៃពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីសកម្មភាពមិនប្រក្រតី និងគួរឱ្យសង្ស័យមួយចំនួននៅក្នុងតំបន់ព្រៃភ្នំក្បែរព្រំដែន។ ប្រភពព័ត៌មានដដែលបានបង្ហើបថា អាចមានក្រុមជនបរទេស ឬជនជាតិចិន ចូលមកលាក់ខ្លួន និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រព្រឹត្តសកម្មភាពឆបោកឆ្លងដែន នៅក្នុងភូមិសាស្ត្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកឆែបប្តេជ្ញាចិត្ត លុបបំបាត់បទល្មើសឆ្លងដែននៅក្នុងយុទ្ធនាការនេះ កម្លាំងចម្រុះបានធ្វើការរុករកយ៉ាងម៉ត់ចត់ និងដិតដល់នៅតាមចំណុចគោលដៅសំខាន់ៗជុំវិញទឹកធ្លាក់ព្រះនិមិត្ត។ ទោះបីជាតំបន់នោះមានភូមិសាស្ត្រស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កងកម្លាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកភស្តុតាង និងសំបុកលាក់ខ្លួនរបស់ក្រុមជនល្មើស។

រដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជារដ្ឋបាលស្រុកឆែប បានបង្ហាញជំហរយ៉ាងច្បាស់លាស់ថា នឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជម្រិតទារប្រាក់ ឬឆបោកតាមប្រព័ន្ធអនឡាញជាដាច់ខាត។ អាជ្ញាធរនឹងបន្តយន្តការតាមដាន ក្តាប់ព័ត៌មាន និងសហការជាមួយប្រជាពលរដ្ឋ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយឱ្យទាន់ពេលវេលា សំដៅរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ព្រំដែន។
អត្ថបទដោយ៖ សួន ពិសិត


































