
ខេត្តព្រះវិហារ ៖ ជនត្រូវចោទម្នាក់ដែលពាក់ព័ន្ធនឹងករណីល្មើសច្បាប់ស្តីពីព្រៃឈើ ត្រូវបានកម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ ធ្វើការប្រគល់-ទទួលទៅឱ្យអាជ្ញាធរពន្ធនាគារខេត្តហើយ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្នរបស់សាលាដំបូងខេត្តព្រះវិហារ។
យោងតាមកំណត់ហេតុប្រគល់-ទទួល ជនជាប់ឃុំ ចុះថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដំណើរការប្រគល់និងទទួលខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ៣:៥០ នាទីរសៀល ដោយក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ បាននាំខ្លួនជនត្រូវចោទឈ្មោះ ផេង មករា ទៅប្រគល់ជូនពន្ធនាគារខេត្តព្រះវិហារ ក្រោមការសម្របសម្រួលយ៉ាងរលូន និងបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ៤:១០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
សមាសភាពឈរឈ្មោះក្នុងកិច្ចសហការប្រគល់-ទទួលនេះ រួមមាន៖
តំណាងមន្ទីរបរិស្ថានខេត្តព្រះវិហារ៖ លោក ម៉េន សុគុណ (ឋានៈ មន្ត្រី)។
តំណាងពន្ធនាគារខេត្តព្រះវិហារ៖ លោក ម៉ៅ វឿន (អត្តលេខ ០៣០៧ ឋានន្តរស័ក្តិ ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ភារកិច្ច អនុប្រធានពន្ធនាគារ)។
ការប្រគល់ខ្លួនជនត្រូវចោទទៅក្នុងពន្ធនាគារនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ទិត្យ ហ៊ួតឆេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៤១២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ជនត្រូវចោទឈ្មោះ ផេង មករា (ហៅក្រៅ គ្មាន) ភេទប្រុស អាយុ ៤៣ឆ្នាំ (កើតថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៨៣) ជនជាតិខ្មែរ មុខរបរអាជីវករ មានស្រុកកំណើតនៅភូមិឃ្លាំលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ននៅភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ជនត្រូវចោទ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យបទប្រកាន់ពីបទ៖ ប្រមូល ដឹកជញ្ជូន ប្រមូល ឬប្រមូលផល អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត។ បទល្មើសព្រហ្មទណ្ឌនេះ បានប្រព្រឹត្តទៅនៅចំណុចនិយាមកា (៤៤៤៥៩៧៦-១៥៣៥៩៣៩) ស្ថិតនៅក្នុងភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៥០ ចំណុច “ង” នៃច្បាប់ស្តីពីព្រៃឈើ។
មុនឈានដល់ការឃុំខ្លួន និងប្រគល់ខ្លួនជាផ្លូវការនេះ នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលំដាប់លំដោយ រួមមាន៖
១. ចំណាត់ការអយ្យការ៖ យោងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៣២ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
២. ការអនុវត្តការចាប់ខ្លួន៖ យោងរបាយការណ៍អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ០៣៧/២៦ របស់ការិយាល័យដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក នៃក្រសួងបរិស្ថាន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
៣. ការសម្រេចឃុំខ្លួន៖ យោងដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៥៥២/២៦ របស់ចៅក្រមស៊ើបសួរ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ផេង មករា កំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះវិហាររួចរាល់ហើយ ដើម្បីរង់ចាំអាជ្ញាធរតុលាការបើកសវនាការកាត់ទោសតាមនីតិវិធីច្បាប់ជាធរមាន៕ដោយ សួន ពិសិត

































