គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី ជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦ និងប្រគល់ស្បៀងអាហារ ប្រេងឥន្ធនៈជូនដល់កងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប

គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី ជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦ និងប្រគល់ស្បៀងអាហារ ប្រេងឥន្ធនៈជូនដល់កងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញពាក់ព័ន្ធ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦ ជូនដល់កងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ព្រមទាំងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ ការពារ​​ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប្រចាំទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង និងទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅកោះក្របី តំបន់អភិរក្សអតីតឡូលេខ២ ស្ទួន នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមប្រចាំការនៅទីបញ្ជាការស្រាល ឃុំពាមបាង និងលោកអនុសេនីយ៍ឯក ហែម ថន  ប្រធានក្រុមទីបញ្ជាការស្រាល ប្រចាំការនៅឃុំផាត់សណ្ដាយ និង​លោក ​ឡេង​ សុខ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ផាត់​សណ្តាយ​ ខេត្តកំពង់​ធំ​ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងលទ្ធផលស្តីពីការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នារយៈពេលកន្លងទៅ ជា​លលទ្ធផលបទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ ក្នុង​ឃុំ​ពាម​បាង​ និង​ឃុំ​ផាត់​សណ្តាយ​ មានការ​ថយចុះ​ ពី​ ៧០​%​ ទៅ​ ៨០​%​ ព្រមទាំងបានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវធ្វើការដោះស្រាយ ។

លោក ​ជិន​ សុីថា​ នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ជល​ផល​ ខេត្តកំពង់​ធំ​ បានឡើងអានសេចក្តី ជូនដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ ២០២៦ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី ៣០  ខែកញ្ញា  ឆ្នាំ ២០២៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ។ ជាមួយ​នេះ​ដែរ​ លោក ​ជិន សុីថា​ ក៍បាន​បញ្ជាក់​បន្ថែម​ពី​ឧបករណ៍​នេសាទ​ ដែល​ប្រជានេសាទ​អាច​នេសាទ​បាន​ស្របច្បាប់​ មាន​ចំនួន​ ៤៩​ មុខ​ ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានរួមគ្នាក្នុងការការពារធនធានមច្ឆជាតិ ដោយបានសហការជាមួយកងកម្លាំងសម្រុះក្នុងការផ្ដល់ព័ត៌មាន និងចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យទិន្នផលត្រីបានសម្បូរឡើងវិញ ដែលមជ្ឈដ្ឋានទូទៅមានការកោតសរសើរដល់កងទ័ព ដែលបានរួមចំណែកសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់អាជ្ញាធរដែនដីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសទំនាញជលផល សូមមេត្តារួមគ្នាជាមួយកងកម្លាំងចម្រុះ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ពិសេសបន្តការពារឲ្យបានឡូត៍អភិរក្សពូជត្រី ដើម្បីរក្សាទុកឲ្យត្រីពងកូននៅក្នុងរដូវរក្សាខាងមុខនេះ ។ ជាមួយនោះដែរ ត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យនៅសេចក្តី​ជូនដំណឹងស្ដីពីរដូវបិទការនេសាទឆ្នាំ ២០២៦ ឱ្យមានប្រសិទ្ធភាព ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយក នូវប្រេងសាំងចំនួន ៧០០លីត្រ អង្ករចំនួន ២៥០ គីឡូក្រាម មីជាតិចំនួន ១០កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ។ ពិនិត្យដោយ ទៀក យ៉ុហ៊ន