
ខេត្តកោះកុង៖ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសម្រេចកិច្ចការបង្ក្រាបករណីចោរកម្ម និងបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៣ នាក់ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ។
កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួន
ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក
នួន វុត្ថា មេបញ្ជាការរង បានសហការជាមួយកម្លាំងមូលដ្ឋានក្រុង-ស្រុក ចុះឡោមព័ទ្ធ និងបង្ក្រាបមុខសញ្ញាគាស់ផ្ទះលួចម៉ូតូ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបុរសសរុបចំនួន ១៣ នាក់ ដែលកំពុងស្នាក់នៅទីតាំងនោះ។

វត្ថុតាងដែលដកហូតបានក្នុងកិច្ច ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងជាច្រើនដែលបម្រើឱ្យសកម្មភាពបទល្មើស រួមមាន៖
មធ្យោបាយធ្វើសកម្មភាព ម៉ូតូចំនួន ០៧ គ្រឿង និងទូរសព្ទដៃ ១១ គ្រឿង។
ដាវកែច្នៃ ០១ ដើម និងកាំបិតត្នោត ០១ ដើម គ្រឿងញៀន៖ ថ្នាំញៀនចំនួន ០៦ កញ្ចប់តូច (ទម្ងន់ ១.១៧ ក្រាម) ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន។
រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀតដូចជា៖ កាបូបដាក់ខោអាវ និងកាបូប ស្ពាយសរុបចំនួន ០៣។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង។ ជោគជ័យនៃប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តកោះកុង ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕ដោយ កៅ វង


































