ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចធ្វើការនិរាករណ៍ (លុបចោល) នូវអនុក្រឹត្យចាស់លេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្លាប់បានកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីសរុបចំនួន ៩៣៣ ៥៧៧ ហិកតា (ប្រាំបួនសែន បីម៉ឺនបីពាន់ ប្រាំរយចិតសិបប្រាំពីរហិកតា)។
យោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ ១០៦ អនក្រ.បក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានកំណត់នូវចំណុចសំខាន់ៗចំនួន ៤ មាត្រា រួមមាន៖
មាត្រា ១៖សម្រេចទុកជាលិរាករណ៍ (លុបចោលជាផ្លូវការ) នូវអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីសរុប ៩៣៣ ៥៧៧ ហិកតា។
មាត្រា ២៖ ផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ដែលត្រូវបានលុបចោលខាងលើនេះ ត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រសួងបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន។
មាត្រា ៣៖ រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យថ្មីនេះ ត្រូវទុកជាលិរាករណ៍។
មាត្រា ៤៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ការសម្រេចវិធានការផ្លូវច្បាប់ដ៏តឹងរឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងប្រទេស ឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិទាំងមូល ក្រោមការគ្រប់គ្រង និងតាមដានយ៉ាងដិតដល់ពីក្រសួងបរិស្ថាន៕ដោយ នីណា ញូស៍


































