ក្រុមហេសបូឡា និងអ៉ីស្រាអែល បើកការប្រយុទ្ធគ្នាថ្មីនៅភាគខាងត្បូងលីបង់ មុនអាមេរិក និងអ៉ីរ៉ង់ ចុះកិច្ចព្រមព្រៀងបឋមជាផ្លូវការ

(បេរូត)៖ ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយយោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយប៉ុន្មានម៉ោងក្រោយមក ប្រព័ន្ធផ្សព្វផ្សាយលីបង់រាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើភាគខាងត្បូងប្រទេស បានសម្លាប់មនុស្ស ៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ហេសបូឡាបញ្ជាក់ថា ការប្រយុទ្ធធ្វើឡើងជាមួយកងទ័ពអ៉ីស្រាអែល ដែលប៉ុនប៉ងរុលចេញពីទីប្រជុំជន Arnoun ឆ្ពោះទៅជាយក្រុង Kfar Tibnit ក្បែរទីក្រុង Nabatieh ដ៏សំខាន់នៃភាគខាងត្បូងលីបង់។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ដដែល​ ហេសបូឡាថាការ​ប៉ះ​ទង្គិច​នៅ​តែ​បន្ត។

ទីភ្នាក់ងារសារព័ត៌មានជាតិ NNA របស់លីបង់ រាយការណ៍ថាយន្តហោះដ្រូនរបស់អ៉ីស្រាអែល បានកំណត់គោលដៅលើរថយន្ត នៅក្នុងតំបន់ Kfar Tibnit សម្លាប់មនុស្ស ២នាក់ ហើយក្នុងភូមិ Zebdine ដែលនៅជាប់តំបន់នោះ ក៏មានមនុស្សម្នាក់បានស្លាប់ដោយការវាយប្រហារដ្រូនផងដែរ។

នៅពេលយប់មុនពេលមានការប្រយុទ្ធគ្នានោះ យោធាអ៉ីស្រាអែលបានប្រកាសពីការស្លាប់របស់ទាហានម្នាក់ ក្នុងឧប្បត្តិហេតុមួយនៅភាគខាងត្បូងលីបង់ ហើយថាមានមនុស្ស ៧នាក់ផ្សេងទៀតបានរងរបួស។ សេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នាថ្មីនេះ កើតមានឡើងនៅមុនពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងចុះហត្ថលេខាក្របខណ្ឌនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុង រួមទាំងនៅក្នុងប្រទេសលីបង់៕