ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីបន្លំខ្លួនជាសង្ឃដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់តាមដងផ្លូវ

ខេត្តកណ្តាល ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបន្ទាប់ពីបានបន្លំស្លៀកស្បង់ជីពរជាព្រះសង្ឃដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវ។ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ព្រះសង្ឃក្លែងក្លាយដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ភូមិ ព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ និង ឈ្មោះ វង្ស ដារ៉ា ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមិ ស្រីជា ឃុំ ល្បើក ស្រុកឈូកខេត្ត កំពត ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានជីពរចំនួន២,ស្បង់ចំនួន ២, ហង្សសាក់ចំនួន២, លុយខ្មែរចំនួន៣០.០០០រៀល(បីម៉ឺនរៀល), ឆាយាគណៈមហានិកាយ១ក្បាល , ទូរសព្ទ័ដៃម៉ាក អិនចុចពិល ២គ្រឿង និងសំបុត្របុណ្យ ចំនួន១៩សន្លឹក ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុម៉ោងប្រមាណជាង៧ព្រឹកមានជនសង្ស័យចំនួន៤នាក់ដោយឈ្មោះឡុង ជាអ្នកបើករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅឈ្មោះ វង្ស ដារ៉ា និងឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្តកាម៉ារីហើម ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង2L 5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានី ភ្នំពេញសំដៅមកដល់រង្វង់មូលគួរស្រូវក្នុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ក៏ឈប់រថយន្តនៅជិតនោះហើយ ឈ្មោះ ឡុង ក៏បានចែកស្បង់ជីពរ ហង្សសាក់ ថង់យាម អ៊ុត ឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់ នៅតាមដងផ្លូវជាតិលេខ២មកទិសខាងត្បូងពេល ដើរមកដល់ចំនុចកើតហេតុ ក៏ បានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ ដោយមានការសង្ស័យព្រះចៅ អធិការបានសួរនាំហើយបាននាជនសង្ស័យទាំងពីរនាក់ទៅប្រគល់ជូនព្រះចៅ អធិការវត្តវិហារបិទមាសដែលជាព្រះអនុគណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត ដោយពិនិត្យ ឃើញថា ជនសង្ស័យទាំងជាព្រះសង្ឃក្លែងក្លាយ ក៏ដោះស្បង់ជីពរ ចេញប្រគល់អោយសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង និងបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕