
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលអញ្ជើញមកពីបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ តាមប្រព័ន្ធឌីជីថល។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមវត្តមានលោកណ្ឌិត ឆាយ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាសិក្ខាកាម នៃក្រសួងព័ត៌មានជាច្រើនរូបទៀត។
យោងតាមរបាយការណ៍លោក សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក.អ.ម បានឱ្យដឹងថា រយៈពេលកន្លងមកក្រោមការដឹកនាំដ៏ឆ្លាតវៃ និងមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មណ្ឌលបណ្ដុះបណ្ដាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រៀបចំវគ្គសិក្សាស្តីពី ការប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលត្រូវបានគាំទ្រ និងអភិវឌ្ឍន៍ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ តាមប្រព័ន្ធឌីជីថល។

លោក សំបូរ វណ្ណារិទ្ធ បានឱ្យដឹងថា វគ្គសិក្សានោះបានផ្តោតជាចម្បងទៅលើបច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធ និងការរៀបចំ និងបង្ហោះមាតិកា ដោយទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីអ្នកជំនាញឯកទេសដែលជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធគេហទំព័រនោះផ្ទាល់។ ក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថលវិស័យព័ត៌មាន និងផ្សព្វផ្សាយ ស្ថាប័នព័ត៌មានត្រូវបានតម្រូវឱ្យបម្លែងខ្លួនពីការផ្សាយបែបប្រពៃណីទៅកាន់ការផ្សព្វផ្សាយតាម បណ្តាញពហុថ្នាល ដើម្បីឆ្លើយតបទៅនឹងឥរិយាបទរបស់ស្សនិកជន និងអ្នកស្តាប់សម័យថ្មីនៃសករាជឌីជីថល។
ក្នុងន័យនេះ លោក សំបូរ វណ្ណារិទ្ធ បានបញ្ជាក់ថា មាតិកាដែលមានគុណភាពខ្ពស់ មានភាពត្រឹមត្រូវ និងមានភាពទាក់ទាញគឺជាចំណុចស្នូលសម្រាប់បង្កើនភាពជឿជាក់ និងលើកកម្ពស់ប្រសិទ្ធភាពនៃព័ត៌មានផ្លូវការ។ ដោយសារហេតុនេះសិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ក្នុងការសរសេរព័ត៌មានតាមស្តង់ដារវិជ្ជាជីវៈ និងការផលិតមាតិកា ឱ្យសមស្របនឹងបរិបទឌីជីថលនិងការផ្សព្វផ្សាយតាមគេហទំព័រ។

បើតាមលោកបណ្ឌិត ឆាយ សុផល បានថ្លែងថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុងការបង្កើនធនធានមនុស្ស និងមូលធនមនុស្ស បន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ដោយហេតុនេះហើយ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សត៍» ហៅកាត់ថា «ក.អ.ម» ដែលមានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធាន។
លោកបណ្ឌិត ឆាយ សុផល បានបន្តថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលបន្តវេនពីលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីនៅទូទាំងប្រទេសលើជមនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទ្យន៍។ ធនធានមនុស្សជារឿងដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ក៏ប៉ុន្តែមូលធនមនុស្សរឹតតែចាំបាច់ ព្រោះថាមូលធនមនុស្សមិនមែនត្រឹមតែមានចំណេះជំនាញនៅទេ ប៉ុន្តែពួកគេអាចបង្កើតស្នាដៃបន្សល់ទុកឱ្យអ្នកជំនាន់ចាស់ ទុកជាមេរៀន និងបទពិសោធសម្រាប់ការផ្ទាល់ខ្លួន និងសង្គម។

លោកបណ្ឌិត ឆាយ សុផល បានគូសបញ្ជាក់ថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងគេហទំព័រ បានក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់ព័ត៌មានជូនសាធារណជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ គេហទំព័រផ្លូវការរបស់ស្ថាប័ន មិនត្រឹមតែជាបណ្ដាញផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបង្អួចសម្រាប់បង្ហាញសមិទ្ធផល សកម្មភាព និងសេវាសាធារណៈរបស់ស្ថាប័នទៅកាន់ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធផងដែរ។
ត្រង់ចំណុចនេះ ត្រូវលោកបណ្ឌិត ឆាយ សុផល បានគូសបញ្ជាក់ថា ការសរសេរព័ត៌មានសម្រាប់ផ្សព្វផ្សាយតាមគេហទំព័រ តម្រូវឱ្យមន្ត្រីជំនាញមានទាំងចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពក្នុងការរៀបចំខ្លឹមសារឱ្យមានភាពច្បាស់លាស់ ទាក់ទាញ អាចជឿទុកចិត្តបាន និងស្របតាមគោលការណ៍នៃការផ្សព្វផ្សាយ ព័ត៌មានរបស់រាជរដ្ឋាភិបាល៕


































