
ខេត្តព្រះវិហារ៖ ការពង្រឹងសណ្ដាប់ធ្នាប់ និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារ នៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមនុស្សធម៌។ ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។

បេសកកម្មចុះធ្វើអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ ដែលមិនត្រឹមតែជាអ្នកថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «អ្នកអប់រំកែប្រែ» ដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ ភាពអត់ធ្មត់ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
លោក ស្រេង វុទ្ធា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះវិហារ ក្នុងការថែរក្សាសន្តិសុខបានល្អប្រសើរ ព្រមទាំងបានរំលឹកផងដែរអំពីសារៈសំខាន់នៃការបន្តការអប់រំទូន្មានដល់ជនជាប់ឃុំ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេអាចសមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អនាពេលអនាគត៕ដោយ សួន ពិសិត




































