(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ ដែលនេះបានបង្ហាញពីការកើនឡើងនៃការព្រួយបារម្ភនៅក្នុងចំណោមក្រុមអ្នកតំណាងរាស្ត្រសាធារណរដ្ឋចំពោះសង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចំពោះសង្រ្គាមមិនមានប្រជាប្រិយភាពដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
នេះក៏ជាលើកដំបូងផងដែរដែលសភាទាំង២របស់សហរដ្ឋអាមេរិក ឬ Congress បានអនុម័តដំណោះស្រាយមួយដែលបញ្ជាឱ្យប្រធានាធិបតីអាមេរិកម្នាក់ដកកងកម្លាំងប្រដាប់អាវុធអាមេរិកចេញពីជម្លោះចាប់តាំងពីច្បាប់ War Powers Resolution ឬ War Powers Act ត្រូវបានប្រកាសដាក់ឱ្យប្រើក្នុងឆ្នាំ១៩៧៣មក។
ការអនុម័តដំណោះស្រាយខាងលើមានមួយផ្នែកធំត្រូវបានគេមើលឃើញថាជានិមិត្តរូបប៉ុណ្ណោះ។ ប៉ុន្តែការបោះឆ្នោតនេះជាបរាជ័យមួយសម្រាប់លោក ត្រាំ ដែលកន្លងមកធ្លាប់តែទទួលបានការគាំទ្រស្ទើរឯកច្ឆន្ទពីក្រុមអ្នកតំណាងរាស្ត្របក្សសាធារណរដ្ឋក្នុងសភាអាមេរិក។ ការបោះឆ្នោតនេះក៏កើតឡើងដែរចំពេលរដ្ឋបាលលោក ត្រាំ ត្រូវបានរំពឹងថានឹងស្នើសុំសភាឱ្យទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់ការចំណាយលើសង្រ្គាម។
គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា ក្នុងសំឡេងភាគច្រើនតិចតួច។ ប៉ុន្តែមួយរយៈមកនេះមានអ្នកតំណាងរាស្ត្រសាធារណរដ្ឋបានផ្ដាច់ខ្លួនចេញពីលោក ត្រាំ លើបញ្ហាមួយចំនួននៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ ដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋនឹងបន្តគ្រប់គ្រងសភាទាំង២របស់ សហរដ្ឋអាមេរិកតទៅទៀតឬក៏យ៉ាងណា។ ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos បានឱ្យដឹងថាមានប្រជាជនតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ប្រជាជនអាមេរិក ៤នាក់ ជឿថាសង្រ្គាមជាមួយអ៉ីរ៉ង់សមនឹងតម្លៃត្រូវធ្វើ ហើយភាគច្រើនបារម្ភថាបទឈប់បាញ់ជាមួយតេហេរ៉ង់ទំនងជាមិនមានភាពយូរអង្វែងទេ៕
































