អាជ្ញាធរក្រុងព្រះវិហារ សម្របសម្រួលបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋដោយជោគជ័យ ក្រោមគោលការណ៍ឈ្នះ-ឈ្នះ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចនូវលទ្ធផលវិជ្ជមានមួយទៀត ក្នុងការដោះស្រាយទំនាស់ព្រំដីជូនប្រជាពលរដ្ឋ ផ្អែកលើគោលការណ៍ច្បាប់ និងការយោគយល់គ្នាទៅវិញទៅមក។

លោក សាយ ដារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ ចុះផ្ទាល់ទៅកាន់សាលាសង្កាត់ប៉ាលហាល ដើម្បីបើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយករណីវិវាទព្រំដីដ៏រ៉ាំរ៉ៃមួយ រវាងភាគីម្ចាស់ដីដែលជាអ្នកជិតខាងនឹងគ្នា។

ភាគីពាក់ព័ន្ធនៅក្នុងវិវាទ៖
ភាគីដើមបណ្តឹង៖ លោក គង់ ឈិន និងភរិយាគឺ លោកស្រី ប្រាក់ ឆវី។
ភាគីចុងបណ្តឹង លោកស្រី ខ្លាន់ សារើន និងស្វាមីគឺ លោក ផូយ ភក្តី។
ទីតាំងដីទំនាស់ ស្ថិតនៅក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ដំណោះស្រាយផ្អែកលើបច្ចេកទេស និងគតិយុត្តិ
នៅក្នុងកិច្ចប្រជុំសម្របសម្រួលនោះ អាជ្ញាធរក្រុងព្រះវិហារ រួមជាមួយមន្ត្រីជំនាញសុរិយោដី បានពិនិត្យទៅលើឯកសារគតិយុត្តិ ក៏ដូចជាការវាស់វែងផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេសលើដីជាក់ស្តែង។ តាមរយៈការបង្ហាញភស្តុតាង និងការបកស្រាយពីមន្ត្រីជំនាញ ភាគីទាំងសងខាងបានយល់ច្បាស់ពីព្រំសីមាស្របច្បាប់រៀងៗខ្លួន។
ជាលទ្ធផល ក្រោមការសម្របសម្រួលប្រកបដោយភិរម្យភាព និងតម្លាភាពពីសំណាក់លោកអភិបាលរងក្រុង ភាគីទំនាស់ទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួមមួយ ដោយកំណត់យកព្រំដីជាក់ស្តែងតាមការវាស់វែង និងកំណត់របស់មន្ត្រីជំនាញសុរិយោដី។
ខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀង៖ ភាគីទាំងពីរបានស្ម័គ្រចិត្តទទួលយកការដោះស្រាយនេះ ដោយគ្មានការបង្ខិតបង្ខំ និងបានព្រមព្រៀងបញ្ចប់វិវាទទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយមិនមានការប្តឹងផ្តល់ ឬតវ៉ាណាមួយបន្តទៀតឡើយ។
មោទនភាពនៃការបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំដោះស្រាយនេះ បានបញ្ចប់ទៅវិញនៅថ្ងៃដដែល ក្រោមបរិយាកាសរីករាយ យោគយល់ និងការពេញចិត្តយ៉ាងខ្លាំងពីភាគីទាំងសងខាង។
ការសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់វិវាទនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយពេលវេលា និងថវិការបស់ប្រជាពលរដ្ឋក្នុងការឡើងតុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសាមគ្គីភាពរវាងអ្នកភូមិរបងជាមួយគ្នា និងបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃយន្តការដោះស្រាយវិវាទដីធ្លីថ្នាក់មូលដ្ឋានរបស់កម្ពុជា ស្របតាមគោលនយោបាយរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ៕ ដោយ សួន ពិសិត