សហរដ្ឋអាមេរិក បញ្ជូនបុគ្គលិកយោធា ៩០០នាក់ទៅជួយវ៉េណេស៊ុយអេឡា អ្នកស្លាប់ដោយសាររញ្ជួយដីកើនដល់ ១៩៤៣នាក់

(វ៉ាស៊ីនតោន)៖ នាយឧត្តមសេនីយ៍អាមេរិក លោក Francis Donovan បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធាទាំងនៅក្នុង និងជុំវិញប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះជាមួយការបញ្ជូនបុគ្គលិកយោធា ៩០០នាក់ចូលទៅក្នុងវ៉េណេស៊ុយអេឡា និងជិត ៨០០នាក់ទៅកាន់ដែនដី Puerto Rico និង Curacao។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Francis Donovan ជាមេបញ្ជាការនៃទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបានប្រាប់ Reuters​ ថាកងកម្លាំងអាមេរិកបានចូលរួមក្នុងប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ ព្រមទាំងជួយបើកចំហអាកាសយានដ្ឋាន ក៏ដូចជាផ្ដល់ការគាំទ្រទាំងតាមផ្លូវអាកាស និងផ្លូវទឹកដើម្បីសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ បន្ទាប់ពីវ៉េណេស៊ុយអេឡា រងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយកាលពីសប្ដាហ៍មុន។ លោកបន្ថែមទៀតថាយោធាអាមេរិកក៏បានដាក់ពង្រាយដ្រូន MQ-9 ​Reaper ពី៤ ទៅ៥គ្រឿងផងដែរ នៅលើដែនអាកាសនៃប្រទេសវ៉េណេស៊ុយអេឡាដើម្បីផ្ដល់រូបភាពជាក់លាក់ទៅឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន២ កម្រិត ៧,២ និង៧,៥រ៉ិចទ័របានវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធសប្ដាហ៍មុនដោយបណ្ដាលឱ្យអគារ និងផ្ទះជាច្រើនបាក់រលំ។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ចំនួនអ្នកស្លាប់បានកើនដល់ ១៩៤៣នាក់ និងច្រើនជាង ១០ ០០០នាក់បានរងរបួស៕