រដ្ឋមន្រ្តី៖ ​MSME ដែលមានបំណងពង្រីកការផលិតទំនិញ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ត្រូវពិចារណា និងរៀបចំឱ្យហើយពីលក្ខខណ្ឌស្តង់ដា​

​​(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យមដែលផលិតទំនិញផ្គត់ផ្គង់ក្នុងស្រុក ត្រូវប្រឹងប្រែងពង្រីកខ្លួន ឱ្យកាន់តែធំ និងរឹងមាំ ហើយបើមានបំណងពង្រីកការផលិតទំនិញ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ត្រូវពិចារណាឱ្យហើយពីលក្ខខណ្ឌស្តង់ដា​ ដែលអាចនឹងត្រូវចំណាយទុនខ្ពស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ​នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦​ លោកបាន​ពន្យល់​ថា ស្តង់ដាមានពីរប្រភេទគឺស្តង់ដាអន្តរជាតិ (ISO, IEC, Codex) ដែលត្រូវបានអនុម័តជាសកល ។ចំណែក ស្តង់ដាជាតិ​អាចនឹងមានភាពបន្ធូរបន្ថយខ្លះស្របតាមស្ថានភាពកម្ពុជា។ ទោះជាយ៉ាងណា ការអនុលោមតាមស្តង់ដាទាំងនេះទាមទារភាពតឹងតែងខ្ពស់ មិនថាជាបរិយាកាសនៃការរៀបចំរោងចក្រ ឬអនាម័យឡើយ ព្រោះស្តង់ដាដូចជា GMP, GHP, ISO គឺមានលក្ខណៈដូចគ្នាទាំងអស់នៅទូទាំងពិភពលោក។

ចំពោះសហគ្រាសធុនតូច និងមធ្យម (MSME) ដែលមានបំណងនាំចេញ ត្រូវពិចារណាលើការវិនិយោគលើការរៀបចំតាមស្តង់ដាទាំងនេះ។ ក្រសួងបានខិតខំជ្រើសរើសស្តង់ដាអាទិភាពសម្រាប់សេដ្ឋកិច្ចជាតិ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ពិគ្រោះយោបល់ រួមទាំងការកាត់បន្ថយតម្លៃស្តង់ដាជាតិ ៥០% ធៀបនឹងតម្លៃអន្តរជាតិ។ ភាពជោគជ័យក្នុងការអនុវត្តស្តង់ដាគឺអាស្រ័យលើការហ៊ានវិនិយោគ និងផែនការអាជីវកម្មច្បាស់លាស់៕