លោក Netanyahu ធ្វើទស្សនកិច្ចទៅកាន់ភាគខាងត្បូងលីបង់ សន្យាថាអ៉ីស្រាអែលនឹងមិនដកថយឡើយ

(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីភាគខាងត្បូងនៃប្រទេសលីបង់ ដែលកំពុងកាន់កាប់ដោយកងទ័ពអ៉ីស្រាអែល ដោយប្រាប់កងទ័ពនៅទីនោះថាអ៉ីស្រាអែលនឹងមិន​ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Netanyahu ទៅកាន់ទឹកដីភាគខាងត្បូងលីបង់គ្រប់គ្រងដោយកងទ័ពអ៉ីស្រាអែល ចាប់តាំងពីរដ្ឋាភិបាលអ៉ីស្រាអែល និងលីបង់ ឈានដល់កិច្ចព្រមព្រៀងសន្តិសុខមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ដែលនៅក្នុងនោះអ៉ីស្រាអែលនឹងត្រូវប្រគល់ទីតាំង២កន្លែងទៅឱ្យកងទ័ពជាតិលីបង់។

ថ្លែងទៅកាន់កងទ័ពអ៉ីស្រាអែល ក្នុងដំណើរទស្សនកិច្ចនោះ លោក Netanyahu បានអះអាងថាអ៉ីស្រាអែលនឹងមិនដកថយចេញពីភាគខាងត្បូងលីបង់នោះទេ រហូតទាល់តែការគំរាមកំហែងត្រូវបានលុបបំបាត់ចោលទាំងស្រុង។ លោកបន្ថែមថាដរាបណាក្រុមហេសបូឡានៅតែវត្តមានក្នុងតំបន់ភាគខាងត្បូងលីបង់ ហើយបង្កការគំរាមកំហែងដល់អ៉ីស្រាអែល នោះអ៉ីស្រាអែលក៏នឹងបន្តឈរជើងនៅភាគខាងត្បូងលីបង់ដូចគ្នាដែរ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានបង្កើតតំបន់ទ្រនាប់មួយក្នុងជម្រៅ ១០គីឡូម៉ែត្រចូលទៅក្នុងទឹកដីភាគខាងត្បូងលីបង់។ ក្រុមមន្ត្រីអ៉ីស្រាអែលបានអះអាងថាតំបន់ទ្រនាប់នេះមានភាពចាំបាច់សម្រាប់ការការពារតំបន់ភាគខាងជើងរបស់អ៉ីស្រាអែលពីការវាយប្រហាររបស់ក្រុមហេសបូឡា។ តែព្រមពេលជាមួយគ្នា ដើម្បីបង្កើតតំបន់ទ្រនាប់នេះ យោធាអ៉ីស្រាអែលបានបណ្ដេញប្រជាជនលីបង់ចេញពីផ្ទះសម្បែងរបស់ពួកគេ និងដឹកនាំប្រតិបត្តិការវាយឆ្មក់បំផ្លិចបំផ្លាញផ្ទះ និងអគារច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានទាំងផ្លូវរូងក្រោមដីដែលពួកគេចោទថាត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា។

ប្រជាជនលីបង់ជាង ៤០០០នាក់ត្រូវបានសម្លាប់ និងជាង១លាននាក់បានក្លាយជាជនភៀសសឹកដោយសារតែប្រតិបត្តិការយោធារបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីខែមីនាមក។ ទាហានអ៉ីស្រាអែលយ៉ាងហោច ៣២នាក់ និងជនស៊ីវិលអ៉ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមហេសបូឡា ហើយភាគច្រើនក្នុងចំណោមពួកគេត្រូវបានសម្លាប់ក្នុងតំបន់ភាគខាងត្បូងលីបង់៕