រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ទេសចរណ៍ម្ហូបអាហារ បានក្លាយជាអំណាចទន់ ក្នុងការទាក់ទាញភ្ញៀវ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ» ដែលរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការជំរុញទេសចរណ៍ម្ហូបអាហារ ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលបំផុត ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើងៗ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), និងក្រុមការងារទេសចរណ៍ វប្បធម៌ និងសិល្បៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីវិស័យឯកជននៃមហាគ្រួសារវិស័យទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សរុបប្រមាណ ២៥០នាក់។

ជាមួយនឹងវត្តមាននៃការចូលរួម និងការជួបជុំពីសំណាក់តួអង្គចម្រុះ ទាំងអ្នករៀបចំគោលនយោបាយ អ្នកការទូត ចុងភៅ និងប្រតិបត្តិករទេសចរណ៍ផ្ទាល់នៅថ្ងៃនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការងារការទូតទេសចរណ៍ និងការទូតម្ហូបអាហារ សំដៅលើកស្ទួយឧស្សាហកម្មទេសចរណ៍ និងការកសាងរូបភាពកម្ពុជាឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍ពិភពលោកកំពុងឈានចូលដល់របត់ថ្មីមួយ ដែលការប្រកួតប្រជែងលែងពឹងផ្អែកតែទៅលើគោលដៅទេសចរណ៍តែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែផ្អែកកាន់តែខ្លាំងលើសមត្ថភាពក្នុងការផ្តល់នូវបទពិសោធទេសចរណ៍ ប្រកបដោយភាពសម្បូរបែប ភាពពិតប្រាកដ និងអត្ថន័យ។

ភ្ញៀវទេសចរសម័យថ្មី មិនត្រឹមតែចង់មកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំតំបន់ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីទទួលបាននូវបទពិសោធពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងភាពវិសេសវិសាលរបស់គោលដៅទេសចរណ៍នីមួយៗ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបន្តថា ការកំណត់មុខម្ហូបដែលជាអត្តសញ្ញាណជាតិ និងតាមបណ្តាខេត្ត និងតំបន់ គឺជាជំហានបឋមដ៏មានសារៈសំខាន់ ដើម្បីជំរុញទេសចរណ៍ម្ហូបអាហារ។

ជាក់ស្តែង យុទ្ធសាស្ត្រនេះ គឺជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសជាច្រើនទាំងក្នុងតំបន់ និងសកលលោក ក្នុងការកសាង និងពង្រឹងកិត្តិនាមជាតិ តាមរយៈការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងមរតកម្ហូបអាហារ ដើម្បីបង្កើនភាពទាក់ទាញរបស់ប្រទេស ទាក់ទាញភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ការធ្វើពិពិធកម្មផលិតផល តម្រូវឱ្យយើងត្រូវរួមគ្នាជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីៗ ដូចជា ខ្សែទស្សនកិច្ចម្ហូបអាហារ និងកសិទេសចរណ៍-ម្ហូបអាហារ ដើម្បីបង្កើតជាតម្លៃបន្ថែមដ៏មានភាពទាក់ទាញ ក្នុងការបំផុសចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនក្នុងសេដ្ឋកិច្ចមូលដ្ឋាន។

ជាពិសេស លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ការច្នៃប្រឌិតនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរក្សាការពារអត្តសញ្ញាណ «រសជាតិដើម» ស្របគ្នានឹងការលើកកម្ពស់ស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ពោលគឺ កិច្ចការនេះ មិនត្រឹមតែជាកត្តាគន្លឹះក្នុងការពង្រឹងការប្រកួតប្រជែងរបស់វិស័យបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនជាយុទ្ធសាស្ត្រសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាពិសេស «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit)» នាខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ ដែលនេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញឧត្តមភាពនៃផ្ទះបាយខ្មែរ លើកកម្ពស់កិត្តិនាមជាតិ និងបន្សល់ទុកនូវបទពិសោធដ៏គួរឱ្យចងចាំដល់ភ្ញៀវអន្តរជាតិ៕