(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថា លោក Min Aung Hlaing ដែលជាអតីតប្រមុខរបបយោធាប្រែក្លាយជាប្រធានាធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វានឹងជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់រដ្ឋជាសមាជិកអាស៊ាន ចាប់តាំងពីលោកបានឡើងកាន់តំណែងជាមេដឹកនាំស៉ីវិល ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពី រូបលោកបានសម្រេចជាស្ថាពរ នូវការធ្វើអន្តរកាលពីប្រមុខដឹកនាំរដ្ឋាភិបាលយោធា មកជាប្រធានាធិបតី។ កន្លងមកនេះ លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសជិតខាងធំៗ គឺឥណ្ឌា និងចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith លោក Min Aung Hlaing នឹងធ្វើដំណើរជាមួយភរិយា ព្រមទាំងប្រតិភូរដ្ឋមន្រ្តីជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃទៀត ប៉ុន្តែពុំមានការផ្តល់កាលបរិច្ឆេទជាក់លាក់ទេ។
អាស៊ានដែលមានសមាជិក១១ប្រទេស មិនបានគាំទ្រការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ឡើយ ដ្បិតវាហាមឃាត់ការចូលរួមប្រកួតប្រជែងពីគណបក្សប្រឆាំងធំៗ ហើយបញ្ចប់ទៅជាមួយលទ្ធផលជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់គណបក្ស ដែលគាំទ្រដោយយោធា។
លោក Ming Aung Hlaing បានធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច កាលពីឆ្នាំ២០២១ ប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ដែលបានបង្កឱ្យផ្ទុះចលនាបាតុកម្មទ្រង់ទ្រាយធំ ហើយក្រោយមកទៀតបានប្រែក្លាយទៅជាសង្រ្គាមស៉ីវិល ដែលបន្តឆាបឆេះមកទល់សព្វថ្ងៃ។
គួរបញ្ជាក់ថា ភ្លាមៗក្រោយរដ្ឋប្រហារ អាស៊ានបានព្យាយាមតែមិនបានជោគជ័យ ក្នុងការជំរុញផែនការសន្តិភាព៥ចំណុចរបស់ខ្លួន សម្រាប់ប្រទេសមីយ៉ាន់ម៉ា ជាហេតុនាំឱ្យប្លុកនេះដាក់បម្រាមមិនឱ្យមេដឹកនាំយោធា ចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់ខ្លួន។ ប៉ុន្តែចាប់តាំងពីការបោះឆ្នោតសកលមក បណ្តាមេដឹកនាំអាស៊ាន បានព្យាយាមបង្កើនការទាក់ទងជាមួយមីយ៉ាន់ម៉ា ដោយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan និងប្រមុខការទូតថៃ លោក Sihasak Phuangketkeow បាននាំគ្នាបំពេញទស្សនកិច្ចមកកាន់រដ្ឋធានីណៃពិដោ។ ក្រោយជាប់ជាប្រធានាធីបតី លោក Min Aung Hlaing ក៏បានអះអាងដែរថា ការស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន គឺជាអាទិភាពចម្បងមួយរបស់រដ្ឋាភិបាលលោក៕





























