ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស

(បារាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន៥៣ប្រទេស។

សន្និសីទនេះ ត្រូវបានបែងចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖

*វគ្គទី១៖ ការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ។ បេក្ខជននីមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។

*វគ្គទី២៖ កិច្ចប្រជុំចង្អៀត សម្រាប់រដ្ឋមន្ត្រី/ប្រធានគណៈប្រតិភូ ធ្វើការពិភាក្សាសរុបមតិយោបល់ និងអនុសាសន៍ ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន សម្រេចជាចុងក្រោយលើតំណែងអគ្គលេខាធិការនេះ។

សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្នុងពេលឆាប់ៗខាងមុននេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅដល់គ្រប់គណៈប្រតិភូអន្តរជាតិអញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមកិច្ចសហការជិតស្និទ្ធពីគ្រប់ដៃគូទាំងអស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលខាងលើ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ។

នៅល្ងាចថ្ងៃដដែលនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូដែលអញ្ជើញចូលរួមសន្និសីទខាងលើ នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសផងដែរ៕