(បរទេស)៖ ក្រុមហ៊ុន Anthropic បានប្រកាសថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសម្រេចដកការរឹតបន្តឹងលើការនាំចេញសម្រាប់ម៉ូដែល AI ចុងក្រោយបង្អស់របស់ខ្លួនគឺ Claude Fable 5 និង Mythos 5។ ការសម្រេចចិត្តនេះ បានបញ្ចប់ភាពតានតឹងយ៉ាងខ្លាំងរវាងក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ និងរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពី Anthropic ត្រូវបានបង្ខំឱ្យផ្អាកដំណើរការ AI ទាំងនេះកាលពីពាក់កណ្តាលខែមិថុនា ដើម្បីអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលដែលបារម្ភពី «សន្តិសុខជាតិ»។ ក្រុមហ៊ុនបានសម្តែងការត្រេកអរនៅលើបណ្តាញសង្គម X ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់ទាំងអស់សម្រាប់ភាពអត់ធ្មត់ និងអរគុណដល់អ្នករាល់គ្នាដែលបានសហការជាមួយយើងក្នុងការដាក់ឱ្យដំណើរការម៉ូដែលទាំងនេះឡើងវិញ»។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានឱ្យដឹងថា ការរឹតបន្តឹងកាលពីមុន បានហាមឃាត់មិនឱ្យជនបរទេសទាំងក្នុង និងក្រៅប្រទេស រួមទាំងបុគ្គលិកបរទេសរបស់ Anthropic ផ្ទាល់ អាចចូលប្រើប្រាស់ AI ថ្មីនេះបានឡើយ។ វិធានការដាច់អហង្ការនេះ បានធ្វើឱ្យថ្នាក់ដឹកនាំបច្ចេកវិទ្យា និងវិនិយោគិនជាច្រើនបារម្ភថា អាមេរិកកំពុងបើកឱកាសឱ្យគូប្រជែងដូចជាចិន ដែលកំពុងអភិវឌ្ឍម៉ូដែល AI យ៉ាងលឿន និងមានតម្លៃថោកជាងនោះ ដេញតាមទាន់។ ដើម្បីដោះស្រាយវិបត្តិនេះ លោក Tom Brown ដែលជាស្ថាបនិករួមរបស់ Anthropic បានចេញមុខដឹកនាំការចរចាជាមួយរដ្ឋបាលលោក ត្រាំ ជំនួសនាយកប្រតិបត្តិលោក Dario Amodei ដែលរងការរិះគន់ពីរដ្ឋាភិបាល ដោយសារតែទស្សនៈរឹងត្អឹងលើសុវត្ថិភាព AI និងការបង្ហាញការគាំទ្រជាចំហចំពោះលោកស្រី Kamala Harris ក្នុងការបោះឆ្នោតកន្លងទៅ។
ជាលទ្ធផលនៃការចរចា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានយល់ព្រមអនុញ្ញាតឱ្យបញ្ចេញម៉ូដែល AI ទាំងនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថាមាន «វិធានការការពារសមស្រប»។ លោក Lutnick បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Anthropic ដើម្បីវិភាគ និងអនុម័តលើម៉ូដែល Fable 5 ដើម្បីធានាបាននូវការតម្រង់ទិសស្របគ្នានៅទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងវិស័យ AI»។ ចាប់ពីពេលនេះតទៅ ម៉ូដែល Fable 5 នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសកលឡើងវិញនៅលើផ្លេតហ្វម Claude.AI រួមទាំងនៅលើសេវាកម្ម Cloud របស់ Amazon, Google និង Microsoft ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បទបញ្ជាប្រតិបត្តិស្តីពី AI របស់លោក ត្រាំ ដែលតម្រូវឱ្យក្រុមហ៊ុននានាដាក់ជូនម៉ូដែល AI របស់ខ្លួនឱ្យរដ្ឋាភិបាលត្រួតពិនិត្យមុននឹងបញ្ចេញជាផ្លូវការ បានបង្កជាក្តីបារម្ភពាសពេញឧស្សាហកម្មបច្ចេកវិទ្យា រួមទាំងក្រុមហ៊ុន OpenAI ផងដែរ។ ទាក់ទិននឹងការដាក់កំហិតឱ្យបញ្ចេញ AI ថ្មី (រួមទាំង GPT-5.6) ទៅកាន់តែក្រុមដៃគូគួរឱ្យទុកចិត្តដំបូងនេះ ក្រុមហ៊ុន OpenAI បានសម្តែងការមិនពេញចិត្តនៅក្នុងការបង្ហោះថា៖ «យើងមិនជឿថា ដំណើរការទទួលបានការអនុញ្ញាតពីរដ្ឋភិបាលបែបនេះ គួរតែក្លាយជាទម្លាប់រយៈពេលវែងនោះទេ។ វាធ្វើឱ្យរារាំងឧបករណ៍ល្អៗបំផុត មិនឱ្យទៅដល់ដៃអ្នកប្រើប្រាស់ អ្នកអភិវឌ្ឍន៍ សហគ្រាស អ្នកការពារសន្តិសុខសាយប័រ និងដៃគូសកលដែលត្រូវការពួកវាឡើយ»៕
































