
(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ដែលមានការអញ្ជើញពីលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា ។ជំនួបនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការថ្លែងអំណរគុណចំពោះ អាយ.ស៊ី.អរ.ស៊ី ដែលជាដៃគូដ៏រឹងមាំ និងយូរអង្វែងតាំងពីឆ្នាំ១៩៧៩ ដែលវត្ដមានដ៏មានសារៈសំខាន់របស់ អាយ.ស៊ី.អរ.ស៊ី បានជួយកម្ពុជា តាមរយៈក្នុងការស្វែងរកគ្រួសារ ដែលបែកគ្នាកាលពីសម័យខ្មែរក្រហម ឱ្យបានជួបជុំគ្នាឡើងវិញ និងរកទីលំនៅជាថ្មី រួមទាំងជួយលើកកម្ពស់ការអប់រំផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអំពីកាកបាទក្រហមកម្ពុជា ឱ្យគេទទួលស្គាល់ឡើងវិញ ថាជាសមាគមជាតិផ្តល់ជំនួយមនុស្សធម៌។

ជាងនេះទៅសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ អាយ.ស៊ី.អរ.ស៊ី ជាពិសេសគឺលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ ដែលបានចុះទៅសួរសុខទុក្ខ និងនាំយកសំបុត្រពីក្រុមគ្រួសារយុទ្ធជន ១៨នាក់របស់កម្ពុជា ទៅប្រគល់ដល់ដៃយុទ្ធជនយើងដែលបានស្ថិតនៅក្រោមការឃុំគ្រងរបស់ភាគីថៃ កាលពីអំឡុងការប៉ះទង្គិចគ្នាកន្លងទៅ ដែលពេលនោះគឺមានតែវត្ដមានរបស់ អាយ.ស៊ី.អរ.ស៊ី តែមួយគត់ ដែលអាចចូលទៅកាន់ទីតាំងឃុំឃាំងនោះបាន និងបានជួយសម្របសម្រួលរហូតដល់ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព។ ដោយភាពមិនលំអៀង និងសុក្រឹតរបស់ អាយ.ស៊ី.អរ.ស៊ី គឺបានជួយផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមឡើងវិញរបស់គ្រួសាររងគ្រោះ និងប្រជាជនកម្ពុជា ។នេះបានបញ្ជាក់ឃើញយ៉ាងច្បាស់ នូវលទ្ធផលជាផ្លែផ្កាដ៏គួរជាទីមោទនៈនៃកិច្ចសហការជាដៃគូ រវាង អាយ.ស៊ី.អរ.ស៊ី និងកាកបាទក្រហមកម្ពុជា។
សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរម្លឹកទៀតថា ក្នុងនាមសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺបានចាត់ទុកថា គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម ដែលមានលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា ដូចជាបងប្រុស ក៏ដូចជាបងស្រី ដែលតែងតែជួយមើលការខុសត្រូវដល់សមាគមជាតិទាំងអស់ ជាពិសេសកាកបាទក្រហមកម្ពុជានៅក្នុងកំឡុងឆ្នាំ២០២៥-២០២៦កន្លងមក។

ទន្ទឹមនឹងនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសំណូមពរឱ្យគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម បន្តជួយឧបត្ថម្ភបន្ដទៀតដល់កាកបាទក្រហមកម្ពុជា ជាពិសេសទៅលើបច្ចេកទេស បណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងថវិកាផងដែរ។
ជាការឆ្លើយតប លោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ បានបញ្ជាក់ជំហរយ៉ាងរឹងមាំ នឹងប្តេជ្ញាចិត្តក្នុងការបន្ដជួយឧបត្ថម្ភទាំងបច្ចេកទេស ថវិកា ទាំងធនធានដល់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះលោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងអរគុណដល់កាកបាទក្រហមកម្ពុជាជាពន្លឹក ដែលកាកបាទក្រហមកម្ពុជាក៏ដូចជាអ្នកស្ម័គ្រចិត្ត រួមទាំងយុវជនកាកបាទក្រហមកម្ពុជា បានបន្តយកចំណេះដឹងដែល ICRC និងកាកបាទក្រហមកម្ពុជា បានធ្វើការបណ្តុះបណ្តាលអំពីហានិភ័យនៃគ្រាប់មីន ជូនទៅដល់សហគមន៍បានទាន់ពេលវេលា ដើម្បីបញ្ជ្រាប និងធ្វើការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋនៅក្នុងការជៀសវាងអំពីគ្រោះថ្នាក់ដោយសារមីន ដែលបាននឹងកំពុងតែអនុវត្តនៅតាមបណ្តោយតាមបណ្តាខេត្តព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថាក្នុងឆ្នាំ២០២៦នេះ ICRC នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកបំពេញការងារប្រហែលជា ៦ ទៅ ៨សប្តាហ៍ ដើម្បីជួយកាកបាទក្រហមកម្ពុជា រៀបចំឯកសារ ពង្រឹងសមត្ថភាពនៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ក៏ដូចជាការឆ្លើយតបទៅក្នុងជម្លោះប្រដាប់អាវុធ រួមទាំងពង្រីកការអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ និស្សិត ជាពិសេសរៀបចំឱ្យមានសិក្ខាសាលាអន្តរក្រសួងផងដែរ៕


































