អាមេរិកសម្រេចមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី ជាមួយកាណាដានិងម៉ិកស៉ិក ខណៈព្យាយាមចង់បានការផ្លាស់ប្តូរ

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានបដិសេធបន្តកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៉ិក ដែលជារបត់ថ្មីអាចឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម (USMCA) ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកការផ្លាស់ប្តូរ ដើម្បីព្យាយាមស្តារការងារផលិតកម្មឡើងវិញ និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។

អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និយាយថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយម៉ិកស៉ិក និងកាណាដា ដើម្បីដោះស្រាយចំណុចខ្វះខាតនៃ USMCA ក៏ដូចជាឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយប្រទេសទាំងពីរ។ លោក Greer បានឱ្យដឹងថា នឹងមានកិច្ចចរចាទ្វេភាគី USMCA ជាមួយម៉ិកស៉ិក អំឡុងថ្ងៃទី២០ ខែកក្កដា។

តាមមន្ត្រីជាន់ខ្ពស់អាមេរិក កិច្ចពិភាក្សាក្នុងទីក្រុងម៉ិកស៉ីកូ នឹងផ្តោតលើការពង្រឹងច្បាប់ប្រភពដើម របស់តំបន់អាមេរិកខាងជើង សម្រាប់រថយន្ត និងទំនិញឧស្សាហកម្មផ្សេងៗ ក៏ដូចជាផ្នែកសន្តិសុខសេដ្ឋកិច្ច ដើម្បីរារាំងប្រទេសដទៃទៀត រួមទាំងចិនពីការទទួលបានប្រយោជន៍ពីការចូលប្រើប្រាស់ USMCA។

គួរបញ្ជាក់ថា តាមរយៈការសម្រេចចិត្តដូចខាងលើ​ កិច្ចព្រមព្រៀង USMCA នឹងបន្តមានសុពលភាព១០ឆ្នាំទៀត ប៉ុន្តែត្រូវមាន​ការពិនិត្យមើលឡើងវិញជារៀងរាល់ឆ្នាំ មុនពេលវាផុតសុពលភាព លុះត្រាតែប្រទេសទាំងពីរយល់ស្របបន្តវាឡើងវិញ ជាមួយ​ការផ្លាស់ប្តូរ៕