រដ្ឋបាលខេត្តកោះកុង ប្រកាសតែងតាំងគណៈអ៊ីម៉ាំចំនួន ៩រូប ត្រៀមដឹកនាំសាសនាខ្មែរឥស្លាមក្នុងខេត្ត

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសតែងតាំងគណៈអ៊ីម៉ាំខេត្តកោះកុងចំនួន ៩រូប ដើម្បីដឹកនាំកិច្ចការសាសនាខ្មែរឥស្លាមក្នុងខេត្ត ក្នុងទិសដៅរួមបម្រើដល់សុខសន្តិភាព សុខដុមរមនា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង រួមជាមួយការចូលរួមពីព្រះសង្ឃគណៈកិត្តិយស លោក អះម៉ាត់ យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា មន្ត្រីរាជការគ្រប់ស្ថាប័ន និងសមាជិក សមាជិកាប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ ៣០០នាក់ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។

ក្នុងឱកាសនោះលោក ឈេង សុវណ្ណដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងការអបអរសាទរចំពោះបងប្អូនខ្មែរឥស្លាមទាំងអស់ ជាពិសេសបងប្អូននៅក្នុងខេត្តកោះកុងដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការយកចិត្តទុកដាក់នេះ បានរួមចំណែកធ្វើឲ្យជីវភាពបងប្អូនកាន់តែធូរធា និងមានសេរីភាពពេញលេញក្នុងការគោរព ជំនឿសាសនារបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

អភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីកែសម្រួល និងបំពេញបន្ថែមស្មារតីភាពថ្នាក់ដឹកនាំគណៈអ៊ីម៉ាំខេត្ត គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានសម្រេចតែងតាំងគណៈអ៊ីម៉ាំខេត្តកោះកុងចំនួន ៩រូប ដែលរួមមាន៖ ប្រធានគណៈអ៊ីម៉ាំ ១រូប, ភូឈួយទីពីរ ១រូប និងសមាជិកចំនួន ៧រូបបន្ថែមទៀត។ ការតែងតាំងនេះ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំសាសនាឥស្លាមក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការ របស់សហគមន៍។

លោក ឈេង សុវណ្ណដា បានសំណូមពរគណៈអ៊ីម៉ាំគ្រប់ថ្នាក់ ជាពិសេសគណៈអ៊ីម៉ាំខេត្តកោះកុងដែលទើបតែងតាំងថ្មី ឲ្យសហការឲ្យបានល្អប្រសើរជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងមន្ទីរធម្មការ និងសាសនាខេត្ត។

លោកបានសង្កត់ធ្ងន់ថា គណៈអ៊ីម៉ាំត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងដោយផ្តល់ការគាំទ្រ និងសហការដល់ការបំពេញការងាររបស់ថ្នាក់ដឹកនាំឥស្លាមគ្រប់ថ្នាក់។ គោលដៅរួមគឺបម្រើដល់សុខសន្តិភាព សុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងចេះសាមគ្គីគ្នាដើម្បីពង្រឹងសមត្ថភាពក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតបលោក អះម៉ាត់ យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានថ្លែងតំណាងឲ្យគណៈអ៊ីម៉ាំខេត្តថា នឹងខិតខំបំផុសបងប្អូន និងយុវជនខ្មែរឥស្លាមគ្រប់ស្រទាប់ ឲ្យមានសកម្មភាពចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានសង្កត់ធ្ងន់លើការរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាមួយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ដោយចូលរួមគាំទ្រ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឲ្យបានសម្រេចជាស្ថាពរ។ គោលបំណងសំខាន់គឺដើម្បីបង្កើនការចូលរួមឲ្យបានទូលំទូលាយរបស់បងប្អូនខ្មែរឥស្លាម ក្នុងការផ្សព្វផ្សាយឲ្យមានការយល់ដឹងពីទំនៀមទម្លាប់ ប្រពៃណីសាសនាឥស្លាមបែបខ្មែរ និងលើកកម្ពស់សីលធម៌ សុជីវធម៌សង្គម និងតម្លៃសាសនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សរុបមក ការតែងតាំងគណៈអ៊ីម៉ាំថ្មីនេះ គឺជាជំហានមួយដ៏សំខាន់ក្នុងការបន្តពង្រឹងការដឹកនាំសាសនាឥស្លាមនៅកម្ពុជា ជាពិសេសនៅខេត្តកោះកុង ដើម្បីធានាថា សហគមន៍ខ្មែរឥស្លាមបន្តរីកចម្រើនប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ គណៈអ៊ីម៉ាំថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សហគមន៍ជាមួយអាជ្ញាធររដ្ឋ និងរួមចំណែកដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕