
ខេតកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំទូលាយមួយ គឺ ការជិះកង់ និងរត់កាត់ឧបសគ្គ លើកទី ៩ នៅលើទឹកដីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ព្រឹត្តិការណ៍ឆ្នាំនេះ បានទាក់ទាញការចូលរួមយ៉ាងកុះករពីសំណាក់កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ រួមទាំងមហាជនទូទៅរាប់ពាន់នាក់ ក្រោមប្រធានបទដ៏មានអត្ថន័យ ផ្លូវឆ្ពោះទៅកាន់រាជធានីទិសឦសាន៖ បុព្វហេតុចេនឡា នាមុនសម័យអង្គរ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរខួបលើកទី ៩ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធនាការដ៏មានឥទ្ធិពលក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការលើកកម្ពស់មនសិការស្រឡាញ់ជាតិ។
ជំរុញវិស័យទេសចរណ៍បៃតង និងសេដ្ឋកិច្ចសហគមន៍
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា៖ ការរៀបចំកម្មវិធីកីឡាអមដោយការកម្សាន្តបែបនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និងស្នាក់នៅខេត្តកំពង់ធំកាន់តែយូរ។ ការរួមបញ្ចូលគ្នារវាង «កីឡា និងទេសចរណ៍» (Sports Tourism) មិនត្រឹមតែជួយផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតប្រភពចំណូល ជំរុញសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន តាមរយៈការលក់ដូរផលិតផល រវាងសេវាកម្មស្នាក់នៅ និងម្ហូបអាហារផងដែរ។

ការអប់រំ និងការបណ្តុះស្មារតីស្រឡាញ់-ថែរក្សាប្រាង្គប្រាសាទបុរាណ
លើសពីភាពសប្បាយរីករាយ និងការប្រកួតប្រជែង កម្មវិធីនេះបង្កប់នូវតម្លៃអប់រំយ៉ាងជ្រាលជ្រៅសម្រាប់ស្រទាប់យុវជនជំនាន់ក្រោយ។ ប្រធានបទ បុព្វហេតុចេនឡា នាមុនសម័យអង្គរ បានដាស់តឿន និងរំលឹកដល់អ្នកចូលរួមគ្រប់រូប ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រដ៏រុងរឿងនៃ «ឦសានបុរៈ» ដែលជារាជធានីចាស់ដ៏មានអំណាច និងជាគ្រឹះនៃអារ្យធម៌ខ្មែរ មុនពេលឈានដល់សម័យកាលអង្គរ។
ការរត់ និងជិះកង់កាត់ឧបសគ្គនៅជុំវិញតំបន់ប្រាសាទបុរាណ បានផ្តល់ឱកាសឱ្យកីឡាករទាំងអស់បានប៉ះពាល់ បទពិសោធន៍ផ្ទាល់ និងមើលឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃស្ថាបត្យកម្មឥដ្ឋ និងចម្លាក់ខឿនប្រាសាទ។ នេះជាការអប់រំតាមបែបការយល់ដឹងជាក់ស្តែង ដែលបណ្តុះទឹកចិត្តឱ្យកូនខ្មែរគ្រប់រូបមានមនសិការខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌដូនតា ឱ្យបានគង់វង្សជារៀងរហូត បញ្ចៀសការបំផ្លិចបំផ្លាញ និងការបំពាននានាលើតំបន់ហាមឃាត់។
ទិសដៅឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ
រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ បានសម្តែងនូវមោទនភាពចំពោះជោគជ័យនៃព្រឹត្តិការណ៍នេះ និងមានផែនការអភិវឌ្ឍកម្មវិធីនេះឱ្យទៅជាព្រឹត្តិការណ៍កម្រិតអន្តរជាតិប្រចាំឆ្នាំ។ តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រង បដិសណ្ឋារកិច្ច និងការការពារបរិស្ថានប្រកបដោយស្តង់ដារខ្ពស់ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងក្លាយជាផ្ទាំងទស្សនីយភាពទាក់ទាញខ្សែភ្នែកពិភពលោក មកកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាអច្ឆរិយវត្ថុប្រវត្តិសាស្ត្ររបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ជារាជធានីបុរាណឈ្មោះ «ឦសានបុរៈ» ក្នុងសម័យកាលចេនឡា នាចុងសតវត្សរ៍ទី ៦ និងដើមសតវត្សរ៍ទី ៧។ ប្រាសាទនេះត្រូវបានសាងសង់ឡើងអំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលមានលក្ខណៈពិសេសខាងស្ថាបត្យកម្មយ៉ាងអស្ចារ្យ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ៕ដោយ សឿង សុទ្ធ































