រដ្ឋបាលស្រុកបូទុមសាគរ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន ២កន្លែង នៅឃុំថ្មស

ខេត្តកោះកុង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ០២កន្លែង ដែលជារបស់ជនជាតិបរទេស ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ ០៣ អន.ក្រប.ក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្តុំជនបរទេស។
កងកម្លាំងចម្រុះដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការនេះ រួមមាន៖
កម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មស
អាជ្ញាធរភូមិ និងឃុំលាក់ពាក់ព័ន្ធ

លទ្ធផលនៃការបង្ក្រាប និងវត្ថុតាងដកហូត
ជាលទ្ធផល ក្រុមកម្លាំងចម្រុះបានរកឃើញទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ០២កន្លែង និងបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖
ទីតាំង និងម្ចាស់ទីតាំង វត្ថុតាងដែលត្រូវបានដកហូត ទីតាំងទី១៖ ជារបស់ឈ្មោះ ZHENG HAIBING ភេទប្រុស ជនជាតិចិន តុលេងបៀ ចំនួន ០១ តុម៉ាជែង ចំនួន ០១ទូរហ្គេមផ្លែឈើ ចំនួន ០៤ទូរហ្គេមបាញ់ត្រីធំ ចំនួន ០២ទូរហ្គេមបាញ់ត្រីតូច ចំនួន ០១

ទីតាំងទី២៖ ជារបស់ឈ្មោះ YIN JINRON ភេទប្រុស ជនជាតិចិន តុលេងបៀ ចំនួន ០១ តុម៉ាជែង ចំនួន ០១ ទូរហ្គេមបាញ់ត្រីធំ ចំនួន ០១ទូរហ្គេមបាញ់ត្រីតូច ចំនួន ០១
វិធានការបន្តរបស់អាជ្ញាធរ៖
ក្រោយពីបានចុះបង្ក្រាបជាក់ស្តែង ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើការអប់រំណែនាំ និងឱ្យម្ចាស់ទីតាំងទាំងពីរធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់។ ក្នុងករណីថ្ងៃក្រោយ នៅតែបន្តប្រព្រឹត្តិអំពើល្មើសច្បាប់នេះទៀត អាជ្ញាធរនឹងអនុវត្តវិធានការតឹងរ៉ឹងតាមនីតិវិធីផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ដែលដកហូតបានពីទីតាំងទាំងពីរខាងលើ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ កៅ វង