(វែលលីងតោន)៖ ទីភ្នាក់ងារអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ព្យុះទីហ្វុង Bavi កំពុងឆ្លងកាត់កោះ Mariana នៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃចន្ទនេះ ដោយបោកបក់លើកោះ Guam, Tinian និង Saipan រួមទាំងនាំខ្យល់ព្យុះដ៏មហន្តរាយលើកោះ Rota។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

ទីភ្នាក់ងារនេះ បានព្រមានដល់ប្រជាជនឱ្យរកកន្លែងជ្រក ខណៈព្យុះកម្រិតទី ៥ បានរំកិលឆ្លងកាត់ជ្រលងកោះដែលផ្នែកខ្លះជាដែនដីអាមេរិក គឺកោះ Mariana ខាងជើង និងកោះ Guam មានចម្ងាយប្រហែល ៦ ១១៦គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋ Hawaii និងជាង ២ ៤៩៤គីឡូម៉ែត្រភាគខាងកើតនៃប្រទេសហ្វីលីពីន។
តាមការព្យាករណ៍ ព្យុះ Bavi នឹងបោកបក់លើកោះ Rota ជាមួយល្បឿនខ្យល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ រីឯកោះ Guam កោះ Tinian កោះ Saipan នឹងជួបប្រទះស្ថានភាពព្យុះត្រូពិចធ្ងន់ធ្ងរ រហូតដល់ព្យុះទីហ្វុង សម្រាប់ថ្ងៃចន្ទនេះ មុនពេលចុះខ្សោយឥទ្ធិពល។ ព្យុះ Bavi កំពុងបង្កើតភ្លៀងធ្លាក់ខ្លាំងកម្រិតពី ៣០ ទៅ ៥១សង់ទីម៉ែត្រ ដែលអាចបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗរហូតដល់យប់ថ្ងៃអង្គារ៕































