(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោតកុំឱ្យផុតពូជ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅជុំវិញខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
សត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និងប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ។
មុនឆ្នាំ២០២៣ សត្វផ្សោតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឈមជោគវាសនាមិនប្រាកដប្រជា ព្រោះអត្រាស្លាប់ខ្ពស់ ហើយការកើតមានអត្រាទាប។ ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គខេត្តក្រចេះ ក្នុងខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានប្រកាសអាសន្នពីជោគវាសនារបស់សត្វផ្សោត និងបានជំរុញអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីការពារសត្វផ្សោត។

ក្រោយការប្រកាសអាសន្ននោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ជាពិសេសការបង្ក្រាបបទល្មើសនេសាទ។ ស្ថានភាពសត្វផ្សោតបានប្រែមកភាពល្អប្រសើរ ពោលការស្លាប់មានចំនួនតិច ហើយកើតមានចំនួនច្រើន។ ក្នុងនោះឆ្នាំ២០២៥កន្លងទៅ គឺមិនមានផ្សោតស្លាប់នោះឡើយ។
របាយការណ៍បានបង្ហាញថា មុនពេលសម្តេចតេជោ ប្រកាសអាសន្ន ផ្សោតនៅទន្លេមេគង្គមានចំនួនត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នមានចំនួនរហូតដល់ ១១៧ក្បាល។ ចំនួននេះ កើនឡើងចំនួន ២១ក្បាល៕



































