លោក ដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្មលើតួកគី និងពិចារណាលក់យន្តហោះ F-35 ឱ្យទីក្រុងអង់ការ៉ាវិញ

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រកាសថា លោកនឹងដកទណ្ឌកម្មចេញពីប្រទេសតួកគី និងធ្វើការសម្រេចចិត្តជុំវិញលទ្ធភាពនៃការលក់យន្តហោះចម្បាំង F-35 ឱ្យទៅទីក្រុងអង់ការ៉ា។ ការប្រកាសនេះធ្វើឡើងនៅដើមដំបូងនៃជំនួបជាមួយប្រធានាធិបតីតួកគី លោក តៃយីប អេដូហ្គាន់ (Tayyip Erdogan) នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក (CAATSA) លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថា​​ «យើងនឹងដកទណ្ឌកម្មទាំងនោះចេញ»។ គួររំលឹកថា កាលពីឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្ម CAATSA លើតួកគី បន្ទាប់ពីប្រទេសនេះបានទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ព្រមទាំងបានដកតួកគីចេញពីកម្មវិធីផលិតយន្តហោះចម្បាំង F-35 ផងដែរ ដែលពេលនោះតួកគីបានហៅចំណាត់ការនេះថាជារឿងអយុត្តិធម៌ និងខុសច្បាប់។

យោងតាមប្រភពដែលដឹងពីបញ្ហានេះ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការលក់យន្តហោះ F-35 ឱ្យទៅតួកគីវិញ ទោះបីជាមានឧបសគ្គផ្នែកផ្លូវច្បាប់ និងការយល់ព្រមពីសភា ដែលមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងក៏ដោយ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា​ «វាគឺជាការសម្រេចចិត្តដែលយើងនឹងធ្វើ»។ បន្ថែមពីនេះ មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ដែរថា លោក និងលោក អេដូហ្គាន់ ក៏នឹងពិភាក្សាគ្នាពីបញ្ហាពាណិជ្ជកម្មទ្វេភាគីផងដែរ៕