បារាំងកំពុងសិក្សាគម្រោងវារីអគ្គិសនី ៨០០មេហ្គាវ៉ាត់ និងគម្រោងដុតសំរាមទៅជាអគ្គិសនី នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានលើកឡើងអំពីគម្រោងនៃការសិក្សារបស់រដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគបារាំង ក្នុងការសាងសង់វារីអគ្គិសនី និងគម្រោងដុតសំរាមនៅរាជធានីភ្នំពេញ ទៅជាថាមពលអគ្គិសនី។

តាមរយៈសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក នីកូឡា ហ្វ័ររីស្យេ បានអះអាងថា មន្ដ្រីជំនាញ និងអ្នកវិនិយោគរបស់បារាំង កំពុងសិក្សារួមគ្នាជាមួយស្ថាប័នជំនាញរបស់កម្ពុជា លើគម្រោងទាំងពីរខាងលើនេះ។

បើតាមលោក នីកូឡា ហ្វ័ររីស្យេ, ក្នុងអំឡុងពេលសិក្សានេះ លោកមិនទាន់អាចបញ្ជាក់អំពីព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ ប៉ុន្ដែលោកបានអះអាងថា បារាំងមានក្រុមហ៊ុនជំនាញៗជាច្រើនដែលមានសមត្ថភាពបំពេញកិច្ចការងារនេះ ហើយបារាំងនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក នីកូឡា ហ្វ័ររីស្យេ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។ ជំនួបនោះបានផ្ដោតសំខាន់លើការសិក្សាគម្រោងសាងសង់វារីអគ្គិសនី ទំហំ៨០០មេហ្គាវ៉ាត់ និងគម្រោងដុតសំរាមនៅរាជធានីភ្នំពេញ ទៅជាថាមពលអគ្គិសនី។

លោក កែវ រតនៈ ក៏បានបញ្ជាក់ដែរថា គម្រោងទាំង២នេះ ក្រុមហ៊ុនរបស់បារាំងកំពុងសិក្សាដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា៕