
ខេត្តបន្ទាយមានជ័យ៖ ស្មារតី រួមសុខរួមទុក្ខ និងការចែករំលែកក្នុងគ្រាលំបាក ត្រូវបានបង្ហាញយ៉ាងច្បាស់ជានិច្ចនៅក្នុងសង្គមកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦នេះ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស) សាខាខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារលោក សឿន វ៉ាន់ស៊ី ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន ១ ខ្នង នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយដែលបាននាំយកទៅប្រគល់ជូនគ្រួសាររងគ្រោះនាឱកាសនោះ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ដូចជា៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ថ្នាំដុសធ្មេញ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ និងជាការលើកទឹកចិត្តដល់គ្រួសាររងគ្រោះឲ្យមានកម្លាំងចិត្តនិងជំនះឧបសគ្គនេះ។
នាឱកាសនោះ លោក ឆុន វីរៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេកពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ បារម្ភពីសុខទុក្ខរបស់វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ។
ជាមួយគ្នានេះ ក្រុមការងារសមាគម ក៏បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយត្រូវពិនិត្យមើលប្រព័ន្ធភ្លើង អគ្គិសនី ភ្លើងចង្រ្កាន និង ការប្រើប្រាស់ចង្ក្រានហ្គាស ឬទៀនធូបឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព ដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងការបាត់បង់ទ្រព្យសម្បត្តិ ឬជីវិតជាយថាហេតុ៕ ដោយ លោក បណ្ឌិត ឌីម សុខុន


































