ឯកឧត្តម ម៉ាង ស៊ីណេត ព្រមានធ្ងន់ៗចំពោះអ្នកពាក់ព័ន្ធបទល្មើស Online Scams ៖ «មនុស្សក៏ចប់ ទ្រព្យក៏អស់» ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋសហការត្រួតពិនិត្យផ្ទះជួល

ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានទស្សនា និងស្តាប់ឃ្លីបវីដេអូព័ត៌មានចេញផ្សាយកាលពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំសាលាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ និងជម្រុញការអនុវត្តច្បាប់ចំពោះបុគ្គល ឬក្រុមទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
នៅក្នុងប្រសាសន៍ដឹកនាំកិច្ចប្រជុំ និងថ្លែងទៅកាន់សាធារណជន ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។ ឯកឧត្តមបានលើកឡើងថា៖ អ្នកដែលពាក់ព័ន្ធជាមួយនឹង Scam Online នេះ គឺត្រូវប្រឈមមុខ “មនុស្សក៏ចប់ ទ្រព្យក៏អស់” ភាសាដែលយើងនិយាយ មនុស្សក៏ចប់ ទ្រព្យក៏អស់ បានន័យថា អនុវត្តច្បាប់ប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មនុស្សក៏ចប់គឺជាប់គុក យកមកអនុវត្តនីតិវិធី ហើយទ្រព្យ គឺស្ថិតនៅក្នុងកម្មវត្ថុនៃការរឹបអូស។


ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានផ្ញើសារអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ផ្ទះ ឬទីតាំងជួលនៅក្នុងខេត្តព្រះសីហនុ ត្រូវតែនៅឱ្យឆ្ងាយពីបទល្មើស Online Scams និងត្រូវចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដោយធ្វើការតាមដាន ត្រួតពិនិត្យមើលទីតាំងជួលរបស់ខ្លួនឱ្យបានទៀងទាត់។
ឯកឧត្តមបានបន្ថែមថា ម្ចាស់ផ្ទះជួលទាំងអស់គួរតែចុះទៅត្រួតពិនិត្យផ្ទាល់ និងថតរូបភាព ឬវីដេអូទុកជាភស្តុតាងបញ្ជាក់ថា ខ្លួនបានចូលទៅពិនិត្យទីតាំងនោះពិតប្រាកដមែន ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងការចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីដែនដីខេត្តព្រះសីហនុ៕ដោយ Nina News