សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ និងឃាត់ខ្លួនសកម្មភាពនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងពោធិ៍សាត់

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងតំបន់បឹងទន្លេសាប ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
១. បង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅព្រំប្រទល់ពោធិ៍សាត់-កំពង់ធំ
ក្នុងប្រតិបត្តិការទី១ លោក ប៉ែន សាវ៉េង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអមដំណើរដោយ លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល ថ្នាក់ដឹកនាំអធិការដ្ឋានរដ្ឋបាលជលផលខាងជើង និងខាងត្បូងបឹងទន្លេសាប និងមន្ត្រីជំនាញខណ្ឌ-ផ្នែក-សង្កាត់ខេត្តពោធិ៍សាត់។

កម្លាំងចម្រុះបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលលក្ខណៈទ្រង់ទ្រាយធំ នៅចំណុចព្រំប្រទល់រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដោយសម្រេចបានលទ្ធផល ១ ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖
– របាំងសាច់អួនក្រឡាញឹក ចំនួន ១៥ របាំង (ប្រវែងសរុប ១,៥០០ ម៉ែត្រ)

-ឡុក ចំនួន ១៥ គ្រឿង
-លបលូចំនួន ១៥ មាត់
-បង្គោល ចំនួន ១,២០០ ដើម

២. បង្ក្រាបករណីប្រើប្រាស់ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន នៅស្រុកស្ទោង
ដោយឡែកក្នុងប្រតិបត្តិការមួយទៀត នៅចំណុចមុខកំព្រាមធំ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យា សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព បានចុះល្បាត និងបង្ក្រាបបាន
១ ករណី ពាក់ព័ន្ធនឹងការធ្វើនេសាទដោយប្រើឧបករណ៍ហាមឃាត់ (ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន)។
ជាលទ្ធផល សមត្ថកិច្ចបាន
ដោះលែងលៀសចូលទន្លេវិញ ទម្ងន់ ៤០០ គីឡូក្រាម

ដកហូតវត្ថុតាងរួមមាន៖ ទូកស្មាច់ ១ គ្រឿង (ទំហំ ១០ម × ១,៤០ម × ០,៦០ម) ភ្ជាប់ម៉ាស៊ីនម៉ាក TBC កម្លាំង ១៨ សេះ និងឈ្នាងអូសលៀស ១ គ្រឿង។
ចំពោះជនល្មើស កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកវត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការជលផលបាឡត ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីជលផល៕ ដោយ សឿង សុទ្ធ