វិមានក្រឹមឡាំងថាវានៅលឿនពេកក្នុងការបញ្ចេញមតិ ជុំវិញពាក្យចចាមអារ៉ាមរឿងបទឈប់បាញ់ផ្លូវអាកាស

(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់នៅថ្ងៃអាទិត្យថា វានៅលឿនពេកក្នុងការធ្វើអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍ដែលថា អាមេរិក និងអ៊ុយក្រែនកំពុងពិភាក្សាគ្នាពីលទ្ធភាពនៃការផ្អាកការវាយប្រហារតាមផ្លូវអាកាសជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កន្លងមក ប្រភពពីអ៊ុយក្រែនបានបង្ហើបថា អ៊ុយក្រែន និងអាមេរិកបានជជែកគ្នាពីការស្នើបទឈប់បាញ់ផ្លូវអាកាសនេះទៅកាន់រុស្ស៊ី ដើម្បីជាជំហានចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ។ ទោះបីជាកន្លងមក លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ធ្លាប់បានបដិសេធសំណើស្រដៀងគ្នានេះក្តី ប៉ុន្តែមន្ត្រីអ៊ុយក្រែនសង្ឃឹមថា ផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយការវាយប្រហារពីអ៊ុយក្រែន អាចនឹងធ្វើឱ្យលោក ពូទីន បន្ទន់ជំហរ។

ឆ្លើយតបនឹងរឿងនេះ លោក ប៉េសកូវ បានសង្កត់ធ្ងន់ថា «វាមិនមានប្រភពច្បាស់លាស់ទេ ហើយវាគ្រាន់តែជារបាយការណ៍កាសែតធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញ ការឆ្លើយតបរបស់រុស្ស៊ីចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ គឺអាស្រ័យលើថាតើវាស្របទៅនឹងផលប្រយោជន៍របស់យើងដែរឬទេ»។

លោក ប៉េសកូវ ក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូនៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកចរចាអាមេរិកជានិច្ច ហើយរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតអាមេរិកមកកាន់រុស្ស៊ីនៅពេលសមស្រប។ ការបញ្ជាក់នេះធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទើបតែបានជជែកជាមួយប្រេសិតអាមេរិក ព្រមទាំងមានគម្រោងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ​ នៅសេតវិមាននាថ្ងៃអង្គារខាងមុខនេះផងដែរ៕