ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសអាស៊ាន សម្រាប់ការជំរុញឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានថ្កោលទោសអាស៊ាន នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់ការជំរុញឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ដោយចាត់ទុកការអំពាវនាវនេះជាជំហរដ៏ឆ្កួត និងល្ងង់ខ្លៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន អាស៊ានបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់ឧទ្វីបកូរ៉េមួយដែលត្រូវបានរំសាយអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើងបានទទូចជាយូរណាស់មកហើយថាខ្លួនមានសិទ្ធិអភិវឌ្ឍកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ បើទោះជាកម្មវិធីទាំងអស់នេះជាប់ក្រោមបម្រាម និងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូជុង បានបង្ហាញពីការមិនពេញចិត្តជាខ្លាំងចំពោះកិច្ចប្រជុំរបស់អាស៊ានដែលលោកស្រីចាត់ទុកថាបានប្រកាន់អកប្បកិរិយាអរិភាព និងតាមដើរបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ ហើយមិនអើពើចំពោះរដ្ឋធម្មនុញ្ញកូរ៉េខាងជើង។ លោកស្រីគីមបានបន្ថែមថាអាស៊ានគួរតែការពារខ្លួនឯងកុំឱ្យក្លាយទៅជាព្រាបនាំសារយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសម្ដងហើយម្ដងទៀតថាខ្លួនគឺជារដ្ឋនុយក្លេអ៊ែរ ហើយថាឋានៈមួយនេះគ្មានអ្វីអាចមកកែប្រែបានឡើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់លោក គីម ជុងអ៊ុន ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៩ បានដួលរលំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម៕