ប៉េកាំង ព្រមានសងសឹកទៅនឹងចំណាត់ការរឹតត្បិតរបស់អាមេរិក លើរ៉ូបូតចិន

(ប៉េកាំង)៖ ចិន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ បានប្រកាសថានឹងសងសឹកវិញយ៉ាងម៉ឺងម៉ាត់ ហើយការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក បន្តអនុវត្តជាឯកតោភាគីនូវបម្រាមនាំចូលមនុស្សយន្តរ៉ូបូតថ្មីៗពីចិន ក៏ដូចជាឧបករណ៍បំប្លែងថាមពលរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសវិធានការនានា សំដៅការពារការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីការគំរាមកំហែងដល់សន្តិសុខជាតិ និងដើម្បីនាំឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រឡប់ទៅផលិតនៅសហរដ្ឋអាមេរិកវិញ ដោយក្នុងនោះក៏មានការហាមប្រាមនាំចូលមនុស្សយន្តរ៉ូបូត និងឧបរកណ៍បច្ចេកវិទ្យាមួយចំនួនរបស់ចិន។

ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកវិធានការទាំងនោះចេញជាបន្ទាន់ ដោយលើកឡើងថា វិធានការទាំងនោះមានលក្ខណៈរើសអើង បង្ក្រាបលើក្រុមហ៊ុន និងផលិតផលរបស់ចិន។ ចិនក៏បានលើកឡើងថា FCC ព្រងើយកន្តើយចំពោះការតវ៉ា និងស្នើសុំជាច្រើនលើកច្រើនសាររបស់ប៉េកាំង ហើយនៅតែបន្តបង្កើនវិធានការរឹតត្បិត៕