បុរសប្រដាប់ដោយអាវុធម្នាក់ ត្រូវបានឃាត់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោក ត្រាំ មុនការធ្វើទស្សនកិច្ច

(LOS ANGELES)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាបុរសម្នាក់ប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុង Los Angeles ២ថ្ងៃមុននឹងរូបលោកត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅថ្ងៃទី៤ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ជនសង្ស័យមានឈ្មោះថា Jeanine John Taele អាយុ ៣៨ឆ្នាំ មកពីទីក្រុង Downey រដ្ឋ California ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែសីហា នៅឯក្លឹបវាយកូនហ្គោល Rancho Palos Verdes។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប៉ូលិសក្នុងតំបន់បានឱ្យដឹងថាប៉ូលិសបានប្រទះឃើញជនសង្ស័យខាងលើកំពុងដើរឆ្លងកាត់ទីលានវាយកូនហ្គោល ដើម្បីថតរូប និងវីដេអូដែលទំនងជា កំពុងតាមដានមើលប្រព័ន្ធសន្តិសុខ។

ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន រួមជាបង់គ្រាប់កាំភ្លើងមាន១៦គ្រាប់ នៅក្នុងហោប៉ោវរបស់ជនសង្ស័យ។ ក្រោយមកទៀត ប៉ូលិសបានតាមចុះឆែកឆេរក្នុងរថយន្ដ ជនសង្ស័យដោយប្រទះឃើញកាំភ្លើងមួយដាក់គ្រាប់រួចជាស្រេច ព្រមទាំងបន្តចុះឆែកឆេរផ្ទះជនសង្ស័យដោយរកឃើញកាំភ្លើងវែងមួយដើម កាំភ្លើងខ្លីមួយ អាវក្រោះការពារគ្រាប់កាំភ្លើង និងសៀវភៅកំណត់ហេតុជាច្រើនក្បាល។

គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើដំណើរទៅដល់ក្លឹបវាយកូនហ្គោល តាមឧទ្ធម្ភាគចក្រកាលពីល្ងាចថ្ងៃទី៤ ខែសីហា ដើម្បីចូលរួមក្នុងពិធីអាហារពេលល្ងាចរៃអង្គាសប្រាក់រៀបចំដោយគណៈកម្មាធិការជាតិសាធារណរដ្ឋ៕