(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានរិះគន់ខ្លាំងៗចំពោះការធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk មួយគ្រាប់របស់ជប៉ុន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA លោកស្រី គីម យ៉ូជុង ក៏បានព្រមានដែរថាទីក្រុងព្យុងយ៉ាងនឹងបង្កើតជម្រើសយោធាថ្មីៗ ដើម្បីប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាជាការគំរាមកំហែងរបស់ជប៉ុន។ ការរិះគន់របស់លោកស្រី គីម ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ ជប៉ុនបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ Tomahawk មួយគ្រាប់ចេញពីនាវាពិឃាដ Chokai របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមទាំងបាញ់តេស្ដមីស៊ីលប៉ុន្មានគ្រាប់ផ្សេងទៀត ក៏ដូចជាចូលរួមក្នុងការធ្វើសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសហ្វីលីពីន កាលពីខែឧសភាកន្លងទៅ។
លោកស្រី គីម បានបន្ថែមថាទីក្រុងតូក្យូក្នុងពេលបច្ចុប្បន្ន កំពុងព្យាយាមបិទបាំងមហិច្ឆតារបស់ខ្លួនដើម្បីក្លាយជា «យក្សយោធាមួយ» ហើយចោទថាសហរដ្ឋអាមេរិកជាអ្នកគាំទ្រនៅពីក្រោយសកម្មភាពយោធាដ៏គ្រោះថ្នាក់របស់ជប៉ុន។ ដូច្នេះ ដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ទីក្រុងតូក្យូដែលលោកស្រី គីម អះអាងថាអាចនឹងបង្កការគំរាមកំហែងដល់សន្តិសុខកូរ៉េខាងជើង លោកស្រីបានបញ្ជាក់ថាទីក្រុងព្យុងយ៉ាងនឹងបង្កើតជម្រើសយោធាបន្ថែម៕





























