លោកឧត្តមសេនីយ៍ទោ ហេង សុផល បញ្ចេញកម្លាំងជាង៤០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលប្រឡងបាក់ឌុប ឆ្នាំ២០២៦

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ចេញកម្លាំងជាង ៤០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

ជាមួយគ្នានោះ លោកស្នងការបានបញ្ជាក់ថា ផែនការការពារនេះ ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ស្របតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា ការរៀបចំកម្លាំង និងសម្ភារៈចាំបាច់ទាំងនេះ គឺដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងបង្កលក្ខណៈអំណោយផលដល់បេក្ខជន គណៈមេប្រយោគ និងអ្នកពាក់ព័ន្ធ ក្នុងឱកាសប្រឡងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ និងមានរបៀបរៀបរយ។

លោកឧត្តមសេនីយ៍ទោស្នងការ  ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កើនការប្រុងប្រយ័ត្ននៅតាមដងផ្លូវ ជាពិសេសក្នុងអំឡុងពេលប្រឡង ដើម្បីចូលរួមកាត់បន្ថយ និងជៀសផុតពីហានិភ័យដែលអាចកើតមានឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលប្រឡង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់កម្លាំងនគរបាលចំនួន ៤០០នាក់ រថយន្តពន្លត់អគ្គិភ័យ ៦គ្រឿង រថយន្តសារ៉ែន ៤គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង ម៉ូតូប្រដេញ ៦គ្រឿង និងវិទ្យុទាក់ទង ២៧០គ្រឿង ត្រូវបានដាក់ពង្រាយការពារតាមមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២៣៦បន្ទប់ មានបេក្ខជនសរុប ៥,៨៨៣នាក់ ក្នុងនោះស្រី ៣,៤០៩នាក់។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន១៣ ក្នុងចំណោមនោះថ្នាក់វិទ្យាសាស្ត្រ មាន ២មណ្ឌល ស្មើនឹង៤៨បន្ទប់ មានបេក្ខជនសរុប ១,១៨៨នាក់ ក្នុងនោះស្រី៦៩៦នាក់។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១មណ្ឌល ស្មើនឹង ១៩១បន្ទប់ មានបេក្ខជនសរុប ៤,៦៩៥នាក់
ក្នុងនោះស្រី ២,៧១៣នាក់៕ អត្ថបទ ស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យដោយ ធូ កែវមុន្នី