គ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ នៅប្រទេសកូឡុំប៊ី សម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់

(បូហ្គោតា)៖ អាជ្ញាធរប្រទេសកូឡុំប៊ី បានប្រកាសថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលបានវាយប្រហារភាគខាងលិចនៃប្រទេសកាលពីថ្ងៃចន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុង Pereira បានបញ្ជាក់ថា មនុស្សចំនួន ១៨នាក់ត្រូវបានសម្លាប់ ខណៈមនុស្សជាច្រើនទៀតកំពុងជាប់គាំងនៅក្រោមគំនរបាក់បែកអគារ។ ដោយឡែក អភិបាលក្រុង Manizales ក៏បានបញ្ជាក់ដែរថា មានមនុស្ស ២នាក់បានបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) គ្រោះរញ្ជួយដីនេះមានកម្រិត ៦,៨រ៉ិចទ័រ និងបានកើតឡើងនៅជម្រៅប្រមាណ ១១៥គីឡូម៉ែត្រក្រោមផ្ទៃដី៕