រុស្ស៉ី កោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីសម្ដែងការតវ៉ា ជុំវិញទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីប្រជុំកោះមានជម្លោះ

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន បន្ទាប់ពីទីក្រុងតូក្យូថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីប្រជុំកោះ Kuril ដែលជប៉ុនហៅថាដែនដីភាគខាងជើងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងរវាងរុស្ស៉ី និងជប៉ុនមានភាពតានតឹងជាយូរណាស់មកហើយជុំវិញទីប្រជុំកោះមានជម្លោះ Kuril ដែលតូក្យូទាមទារថាដែនអធិបតេយ្យរបស់ខ្លួន និងត្រូវបានដណ្ដើមគ្រប់គ្រងដោយកងទ័ពអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៤៥។ លោក ពូទីនបានធ្វើដំណើរទៅកាន់ទីប្រជុំកោះ Kuril បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រជុំកោះរុស្ស៉ី Sakhalin កាលពីសប្ដាហ៍មុន ដោយជំរុញឱ្យជប៉ុនកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីដើម្បីសម្ដែងការតវ៉ា។

ជាការឆ្លើយតប រុស្ស៉ីក៏បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងមូស្គូ លោក Akira Muto ដើម្បីសម្ដែងការតវ៉ាវិញផងដែរ។ «ក្រុមមន្ត្រីជប៉ុនបានឆ្លងហួសបន្ទាប់ក្រមសីលធម៌ នៅក្នុងការរិះគន់លើដំណើរទស្សនកិច្ចរបស់លោក ពូទីន»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃចន្ទដោយបន្ថែមថារុស្ស៉ីបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ កាន់តែល្អក់កករខ្លាំងឡើង បន្ទាប់ពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ជប៉ុនបានចូលរួមជាមួយក្រុមប្រទេស G7 ផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី និងផ្ដលជំនួយជាហិរញ្ញវត្ថុ និងបរិក្ខារការពារខ្លួនទៅឱ្យទីក្រុងកៀវ៕