លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញកងកម្លាំងនគរបាល បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានកងកម្លាំងនគរបាលចូលរួមសរុបចំនួន ៣៦៥នាក់។

បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍សំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការសកម្មភាពការងារដែលបានដាក់ចេញ។

លោកស្នងការ បានជំរុញឱ្យកងកម្លាំងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំពើអនាចារ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ព្រមទាំងការដោះស្រាយវិវាទនៅមូលដ្ឋាន ការថែរក្សាអនាម័យ សោភ័ណភាព និងបរិស្ថាន និងការត្រៀមឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់មិត្តភក្តិ បងប្អូន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា។

លោកស្នងការ បានបញ្ជាក់ថា ការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកការពារអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ជាពិសេសប្រធាន និងអនុប្រធានវេនប្រចាំបញ្ជានីមួយៗ ត្រូវបង្កើនការគ្រប់គ្រង និងប្រមូលផ្តុំកងកម្លាំងឱ្យបានល្អប្រសើរ
ដើម្បីរង់ចាំទ្រោលសភាពការណ៍ ក្នុងការអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ដោយយថាហេតុ ព្រមទាំងគ្រោះម