(បរទេស)៖ តារាជើងស៊ុត Lionel Messi បានរួមចំណែកជួយក្រុមពពកសអាហ្សង់ទីន ឈ្នះពានរង្វាន់ផ្សេងៗគ្រប់រសជាតិអស់ហើយ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ មុនពេលប្រកាសព្យួរស្បែកជើងពីជម្រើសជាតិនៅលើជញ្ជាំងកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមពាក់លេខ១០ វ័យជាង ៣៩ឆ្នាំរូបនេះ បានចូលលេងឱ្យក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនចាប់តាំងពីឆ្នាំ២០០៥ ពោលគឺនៅនាទីទី៦៣ គ្រាដែលអាហ្សង់ទីនបានយកឈ្នះហុងគ្រី ២-១ នៃជំនួបមិត្តភាពអន្តរជាតិ។
ក្នុងរយៈពេលជាង ២១ឆ្នាំមកនេះ Messi បានរួមចំណែកជួយអាហ្សង់ទីន ឈ្នះជើងឯក World Cup 2022 និងរងជើងឯក ២លើកទៀតកាលឆ្នាំ២០១៤ និងឆ្នាំ២០២៦ រួមទាំងពានប្រចាំតំបន់អាមេរិកខាងត្បូង Copa America ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤។
លើសពីនេះទៀត អតីតខ្សែប្រយុទ្ធក្លិប FC Barcelona, PSG និងបច្ចុប្បន្ន Inter Miami FC បានជួយអាហ្សង់ទីនឈ្នះពានអន្តរទ្វីប Copa Finalissima 2022 ទៀតផង ក្រោយផ្តួលអ៉ីតាលីដែលរៀបចំនៅប្រទេសអង់គ្លេស។
សារខ្លីប្រកបដោយអត្ថន័យរបស់ Messi បានបញ្ជាក់ថា «ខ្ញុំបានផ្តល់គ្រប់យ៉ាងឱ្យជម្រើសជាតិរួចរាល់ហើយ ដោយគ្មានសេសសល់អ្វីទៀតឡើយ។ ពេលវេលាហាក់ដូចលឿនខ្លាំងណាស់ដេលបានពេលនេះបានមកដល់ទីបញ្ចប់។ ខ្ញុំស្រឡាញ់ លើសពីស្រឡាញ់ និងនៅតែជាផ្នែកមួយនៃជម្រើសជាតិជានិច្ច»៕



























